ព័ត៌មានអន្តរជាតិ

ចិន បង្កើនចំណងមិត្តភាព ជាមួយអាហ្វ្រិកខាងត្បូង ឱ្យកាន់តែស្អិតរមួត

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីអាហ្វ្រិកខាងត្បូង លោក Ronald Lamola បានព្រមព្រៀងគ្នាពង្រឹង កិច្ចសហប្រតិបត្តិការ South-South និងលើកកម្ពស់ពហុភាគីនិយម។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ ប្រទេសចិនបានបង្ហាញពីភាពត្រៀមខ្លួនរួច ជាស្រេចក្នុងការពង្រីក ការផ្លាស់ប្តូរកម្រិតខ្ពស់ ពង្រឹងទំនុកចិត្តគ្នា ទៅវិញទៅមកជាយុទ្ធសាស្ត្រ និងពង្រីកកិច្ចសហប្រតិបត្តិការ ជាក់ស្តែងជាមួយអាហ្វ្រិកខាងត្បូង ដោយប្រកាសថា គោលដៅរបស់ខ្លួនគឺ “ដើម្បីលើកកម្ពស់ការអនុវត្តវិធានការ ពន្ធគយសូន្យរបស់ប្រទេសចិនសម្រាប់អាហ្វ្រិកនៅអាហ្វ្រិកខាងត្បូង ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់អាហ្វ្រិកខាងត្បូង និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់”។

រដ្ឋមន្ត្រីការបរទេសចិនបានប្រាប់លោក Lamola ថា ទីក្រុងប៉េកាំងគាំទ្រតួនាទីរបស់ទីក្រុង Pretoria ក្នុងកិច្ចការអន្តរជាតិ និងត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយអាហ្វ្រិកខាងត្បូង និងប្រទេសដទៃទៀត នៅភាគខាងត្បូងសកល “ដើម្បីលើកកម្ពស់គោលបំណង និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ”។ ប្រទេសចិនក៏បានអបអរសាទរ ដល់សភាជាតិអាហ្វ្រិកនៅខួបលើកទី ១១៤ របស់ខ្លួន និងបានសរសើរដល់ការ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២៥ របស់អាហ្វ្រិកខាងត្បូង ទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ។

ភាគីទាំងពីរបានព្រមព្រៀងគ្នាគាំទ្រ រួមគ្នានូវឆ្នាំផ្លាស់ប្តូរវប្បធម៌ចិន-អាហ្វ្រិក ដើម្បីបង្កើតការគាំទ្រសាធារណៈ កាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន អាហ្វ្រិកខាងត្បូង និងដៃគូអាហ្វ្រិកផ្សេងទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top