រុស្ស៊ីថា លោកខាងលិច កំពុងប្រើប្រាស់បដិវត្តន៍ពណ៌ បំផ្លាញប្រទេសអ៊ីរ៉ង់
បរទេស៖ លោកស្រី Maria Zakharova អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា លោកខាងលិច កំពុងស្វែងរកការផ្លាស់ប្តូរ របបនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយកំពុងប្រើប្រាស់ល្បែងបដិវត្តន៍ពណ៌។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោកស្រី Maria Zakharova បានព្រមានថា ប្រទេសបរទេសចង់ ប្រែក្លាយការតវ៉ាដោយសន្តិវិធីទៅជា “ភាពចលាចលដ៏ឃោរឃៅ និងគ្មានន័យ” ដោយលោកស្រីបន្ថែមថា ទីក្រុងមូស្គូថ្កោលទោស ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្ររបស់លោកចំពោះក្រុមបាតុករក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ លោកបាននិយាយថា សហរដ្ឋអាមេរិក “ត្រៀមខ្លួនជាស្រេច” ដើម្បីធ្វើអន្តរាគមន៍នៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីគាំទ្រដល់ការតវ៉ារបស់បាតុករ ដោយបន្ថែមថា អាមេរិកនឹង “ចាប់ផ្តើមបាញ់ប្រហារ” ប្រសិនបើអាជ្ញាធរប្រើកម្លាំងប្រឆាំងនឹងហ្វូងបាតុករ។
អ៊ីស្រាអែលក៏បានគាំទ្រដោយបើកចំហចំពោះភាពចលាចលនេះផងដែរ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់ខ្លួន គឺ Mossad បានទទួលស្គាល់ថា មានភ្នាក់ងារនៅក្នុងសាធារណរដ្ឋអ៊ីស្លាម។
អ៊ីរ៉ង់បានស្តីបន្ទោសការតវ៉ាទៅលើអាមេរិក និងអ៊ីស្រាអែល ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង យេរូសាឡឹមខាងលិច បានផ្តល់ជំនួយយ៉ាងធំ នៅក្នុងភាពចលាចលនេះ៕
ប្រែសម្រួលៈ ណៃ តុលា
