ព័ត៌មានអន្តរជាតិ

ការដកខ្លួនរបស់អាមេរិក ចេញពីអង្គការសុខភាពពិភពលោក ធ្វើឱ្យពិភពលោកមិនមានសុវត្ថិភាព

ហ្សឺណែវ៖ ខណៈដែលសហរដ្ឋអាមេរិក គ្រោងនឹងដកខ្លួនចេញ ពីអង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការនៅក្នុងខែមករា អគ្គនាយកអង្គការ សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានព្រមានថា ចលនានេះនឹងធ្វើឱ្យទាំងប្រទេស និងពិភពលោក “មិនមានសុវត្ថិភាព”។

នៅថ្ងៃដំបូងដែលលោកត្រឡប់មកសេតវិមានវិញ នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដកប្រទេសនេះ ចេញពីអង្គការ សុខភាពពិភពលោក ។ អង្គការសហប្រជាជាតិ បានទទួលការជូនដំណឹងជាផ្លូវការ ពីរថ្ងៃក្រោយមក ។

ក្រោមធម្មនុញ្ញរបស់អង្គការនេះ ការដកខ្លួននេះចូលជាធរមានមួយឆ្នាំ បន្ទាប់ពីការជូនដំណឹងត្រូវបានផ្តល់ឱ្យ។ លោក Tedros បានលើកឡើងថា “វាមិនមែនជាការសម្រេចចិត្តត្រឹមត្រូវនោះទេ” ដោយបង្ហាញពីក្តីសង្ឃឹមរបស់លោកថា សហរដ្ឋអាមេរិក នឹងពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួន និងចូលរួមជាមួយអង្គការ សុខភាពពិភពលោកឡើងវិញ។

លោកបានបន្ថែមថា ការងារភាគច្រើនដែលធ្វើឡើង ដោយអង្គការសុខភាពពិភពលោក (WHO) គឺមានប្រយោជន៍ដល់សហរដ្ឋអាមេរិក ហើយ “នោះហើយជាមូលហេតុ ដែលខ្ញុំបាននិយាយថា សហរដ្ឋអាមេរិក មិនអាចមានសុវត្ថិភាពបាននោះទេ បើគ្មានការធ្វើការជាមួយ អង្គការសុខភាពពិភពលោក”។

ប្រធានអង្គការសុខភាពពិភពលោកក៏បានឲ្យដឹងផងដែរថា អង្គការនេះកំពុងដោះស្រាយបញ្ហាហិរញ្ញប្បទានរបស់ខ្លួនបន្តិចម្តងៗ តាមរយៈការកែសម្រួលថវិកា និងកំណែទម្រង់រចនាសម្ព័ន្ធ៕

To Top