ម៉ិកស៊ិក ៖ ម៉ិកស៊ិក នឹងរក្សាគោលនយោបាយការបរទេស ដោយផ្អែកលើសមភាព និងអធិបតេយ្យភាព នេះបើតាមការលើកឡើង របស់ប្រធានាធិបតីលោកស្រី Claudia Sheinbaum កាលពីថ្ងៃអង្គារ ដោយបដិសេធទម្រង់នៃការចុះចូលណាមួយ ចំពោះប្រទេសដទៃទៀត រួមទាំងសហរដ្ឋអាមេរិកផងដែរ ។
នៅក្នុងសន្និសីទសារព័ត៌មាន ពេលព្រឹកមួយ លោកស្រី Sheinbaum បានឲ្យដឹងថា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកសម្របសម្រួល និងសហការគ្នាលើបញ្ហា សន្តិសុខ ប៉ុន្តែវាក៏សំខាន់ផងដែរសម្រាប់ជនជាតិម៉ិកស៊ិកក្នុងការ «ចងចាំប្រវត្តិសាស្ត្ររបស់យើង និងអត្ថន័យនៃឯករាជ្យភាព និងអធិបតេយ្យភាព»។
ទាក់ទងនឹងកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ស្តីពីពាណិជ្ជកម្មសេរី លោកស្រី Sheinbaum បានសម្តែងទំនុកចិត្តថា វានឹងមានផលប៉ះពាល់ជាវិជ្ជមាន ដល់ប្រទេស ។ លោកស្រីបានលើកឡើងថា «វាកំពុងរីកចម្រើនទៅមុខ ហើយវានឹងផ្តល់អត្ថប្រយោជន៍ ដល់ជនជាតិម៉ិកស៊ិក» ដោយទទួលស្គាល់ថា មានបញ្ហាដែលត្រូវដោះស្រាយ ដូចជាការអនុវត្តពន្ធជាដើម។
លោកស្រីបន្ដថា «យើងជាប្រទេសអធិបតេយ្យ ដែលមានសារៈសំខាន់ខ្លាំងណាស់» ដោយការលើកឡើង របស់លោកស្រីធ្វើឡើង បន្ទាប់ពីការសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ដែលជាការសន្ទនាបែបនេះលើកទី៨ រវាងមេដឹកនាំទាំងពីរចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ ។
ការសន្ទនាតាមទូរស័ព្ទនេះ បានកើតឡើងចំពេលមានភាពតានតឹងលើពាណិជ្ជកម្ម សន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដោយរដ្ឋាភិបាល ម៉ិកស៊ិក ទទូចឱ្យផ្តល់អាទិភាព ដល់ការគោរពគ្នាទៅវិញទៅមក និងអធិបតេយ្យភាពជាសសរស្តម្ភ ជាមូលដ្ឋាន នៃគោលនយោបាយការបរទេសរបស់ខ្លួន៕
