ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជាក់ថា រាល់កិច្ចប្រជុំទាំងអស់ ជាមួយមន្ត្រីអ៊ីរ៉ង់ ត្រូវបានលុបចោល

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានលុបចោល «កិច្ចប្រជុំទាំងអស់» ជាមួយមន្ត្រីអ៊ីរ៉ង់។ ការប្រកាសនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីបានប្រកាសថា ប្រទេសណាមួយដែល ធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់ នឹងត្រូវបង់ពន្ធគយ ២៥ ភាគរយលើអាជីវកម្មណាមួយ ដែលធ្វើឡើងជាមួយសហរដ្ឋអាមេរិក។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឲ្យដឹងថា ការទូតនៅតែជាវិធីសាស្រ្ត ដែលសហរដ្ឋអាមេរិក ពេញចិត្តក្នុងការដោះស្រាយជាមួយអ៊ីរ៉ង់ ទោះបីជារដ្ឋបាលលោក ដូណាល់ ត្រាំ នឹងមិនច្រានចោលជម្រើសយោធា ប្រសិនបើចាំបាច់ក៏ដោយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ៅក្នុងនោះដែរ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Abbas Araghchi បានឲ្យដឹងថា ប្រទេសរបស់លោកត្រៀមខ្លួន រួចជាស្រេចសម្រាប់សង្គ្រាម ប៉ុន្តែនៅតែបើកចំហសម្រាប់ការសន្ទនា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា យោធាអាមេរិក កំពុងពិចារណាលើ “ជម្រើសដ៏រឹងមាំ” ទាក់ទងនឹងអ៊ីរ៉ង់ ក្នុងអំឡុងពេលមានភាព ចលាចលថ្មីៗនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera លោក Araghchi បានឲ្យដឹងថា “ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចង់សាកល្បងជម្រើសយោធាដែលខ្លួនបានសាកល្បងពីមុនមក យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់វា” ដោយបន្ថែមថា លោកសង្ឃឹមថា សហរដ្ឋអាមេរិក នឹងជ្រើសរើសការសន្ទនា។ លោកបានបន្ថែមថា ការទំនាក់ទំនងជាមួយអ្នកតំណាងពិសេសអាមេរិក លោក Steve Witkoff បានបន្តមុន និងក្រោយការតវ៉ា ហើយនៅតែបន្ត។

បទសម្ភាសន៍របស់លោក Araghchi បានកើតឡើងបន្ទាប់ពីការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការងាកទៅរក “ជម្រើសដ៏រឹងមាំមួយចំនួន” រួមទាំងសកម្មភាពយោធា ដែលអាចកើតមានប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹង “ការបង្ក្រាប” របស់អ៊ីរ៉ង់ លើក្រុមបាតុករ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា មន្ត្រីអ៊ីរ៉ង់ បានទាក់ទងសហរដ្ឋអាមេរិក ដើម្បីស្នើការចរចា ដោយបន្ថែមថា “កិច្ចប្រជុំមួយកំពុងត្រូវបានរៀបចំឡើង”។

ការតវ៉ាបានផ្ទុះឡើង នៅក្នុងទីក្រុងជាច្រើន របស់អ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី ២៨ ខែធ្នូ។ ដំបូងឡើយ ការតវ៉ាទាំងនោះបាន ចាប់ផ្តើមជាមួយ នឹងអាជីវករផ្សារតេអេរ៉ង់ ដែលធ្វើបាតុកម្មប្រឆាំង នឹងការធ្លាក់ចុះយ៉ាងខ្លាំង នៃរូបិយប័ណ្ណរៀលជាតិ និងការកើនឡើងនៃអតិផរណា មុនពេលរីករាលដាលដល់ទីក្រុងដទៃទៀត។ ភាពចលាចលនេះបាននាំឱ្យមានការស្លាប់ និងរបួសក្នុងចំណោមកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top