ព័ត៌មានអន្តរជាតិ

គ្រប់គ្រងបក្ស យ៉ាងតឹងរ៉ឹងតាមរយៈស្វ័យបដិវត្តន៍ គន្លឹះនៃភាពជោគជ័យ របស់បក្សកុម្មុយនីស្តចិន ក្នុងការដឹកនាំ និងអភិបាលកិច្ចប្រទេសចិន

«យកការគ្រប់គ្រងបក្ស ឱ្យបានតឹងរ៉ឹងជាការធានា» ជាមូលដ្ឋានគ្រឹះ របស់បក្សកុម្មុយនិស្តចិន តាំងពីពេលដែលបក្សដែលមានវ័យចំណាស់ ជាងគេនៅលើពិភពលោកនេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ ដោយបានបន្តជាប់ជានិច្ច ជាមួយការលើកកម្ពស់កំណែទម្រង់ ការអភិវឌ្ឍ និងស្ថិរភាពនយោបាយ របស់កម្មាភិបាល និង មន្ត្រីបក្សកុម្មុយនិស្តចិន នៅគ្រប់កម្រិតទាំងអស់ សំដៅអនុវត្ត ឱ្យបានសមស្រប តាមតម្រូវការ របស់គណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនិស្តចិន។ ដោយឈរយ៉ាងរឹងមាំ លើគោលការណ៍កំណែ ទម្រង់របស់ខ្លួនទាក់ទង នឹងការរក្សាបាននូវគុណតម្លៃស្នូលនិងខ្ពស់បំផុតរបស់បក្សកុម្មុយនិស្តចិន ទើបកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅក្នុងសម័យប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មការត្រួតពិនិត្យវិន័យ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងថា ប្រជាជនចិនមានសមភាព នៅចំពោះមុខច្បាប់ និងបទប្បញ្ញត្តិ ហើយការអនុវត្តច្បាប់ និងបទប្បញ្ញត្តិមិន អនុញ្ញាតឱ្យមានករណីលើកលែងឡើយ ។ ដោយសង្កត់ធ្ងន់លើការបំផ្លាញនិងកាត់ផ្តាច់ទាំងស្រុងនៃឬសគល់អំពើពុករលួយ លោក Xi Jinping បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយគឺ ជាការតស៊ូដ៏សំខាន់មួយ ដែលបក្សកុម្មុយនិស្តចិន ត្រូវតែឈ្នះជាដាច់ខាត ហើយភារកិច្ចនេះមានសារៈសំខាន់ណាស់ ក្នុងការរក្សាជំហររឹងមាំ ដើម្បីកុំឱ្យមន្ត្រីពុករលួយមានកន្លែងលាក់ខ្លួន។

«យកការបំពេញតម្រូវការជីវិត ដ៏ល្អប្រសើររបស់ប្រជាជនចិនជាគោលបំណង» បានក្លាយជាកម្មវត្ថុដ៏សំខាន់ របស់បក្សកុម្មុយនិស្តចិនបន្តបង្ហាញ ឱ្យប្រជាជនចិន បានឃើញ លទ្ធផលនិងការផ្លាស់ប្តូរពិត ប្រាកដនូវការអនុវត្តគោលការណ៍គ្រឹះ របស់បក្សកុម្មុយនិស្តចិន ក្នុងការលើកកម្ពស់ការ ធ្វើទំនើបកម្មសង្គមនិយម តាមបែបផែនចិន ផ្តល់ជូនប្រជាជនចិននៅវិបុលភាព និងកិច្ចបង្កើនវឌ្ឍនភាព សេដ្ឋកិច្ចជាតិដោយបក្សកុម្មុយនិស្តចិនបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការណ៍នេះមិនមែនជាទ្រឹស្តីទេ តែជាការអនុវត្តលើអភិបាលកិច្ចបក្សកុម្មុយនិស្តចិនប្រកបដោយវិន័យតឹងរ៉ឹង ដោយបក្សកុម្មុយនិស្តចិនបន្តចាប់ «ខ្លា» ព្រមទាំង «រុយ» នៅពេលដោះស្រាយករណី មន្ត្រីដឹកនាំរំលោភបំពានវិន័យបក្ស និងច្បាប់រដ្ឋ ព្រមទាំងការប្រព្រឹត្តខុសដោយទង្វើអំពើ ពុករលួយដែលធ្វើឱ្យប៉ះពាល់ផ្ទាល់លើជីវភាពរស់នៅរបស់ប្រជាជនចិន។ បក្សកុម្មុយនិស្តចិន ដែលមានលោក Xi Jinping ជាស្នូល បាននិងកំពុងបន្តកសាងសង្គម និយមតាមបែបផែនចិន ប្រកបដោយប្រព័ន្ធពេញលេញមួយ នៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការផ្តន្ទាទោសនិងការទប់ស្កាត់ ពង្រឹងការអប់រំអំពីការប្រយុទ្ធប្រឆាំង អំពើពុករលួយ និងរក្សាសុចរិតភាព និងលើកកម្ពស់វប្បធម៌នៃរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិនដ៏ស្អាតស្អំ ។ កិច្ចប្រជុំនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ គឺជាសក្ខីភាពដែលបក្សកុម្មុយនិស្តចិន បាននិងកំពុងបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធត្រួតពិនិត្យ និងពិនិត្យតាមដានការប្រើប្រាស់អំណាច ពង្រឹងច្បាប់រដ្ឋប្រឆាំងអំពើ ពុករលួយ កែលម្អឱ្យកាន់តែសុក្រឹត ដល់ស្ថាប័ននានាពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការរក្សាសុចរិតភាព ដោយជំរុញការធ្វើកំណែទម្រង់ នៅក្នុងវិស័យដែលងាយមានអំពើពុករលួយ និងធានាថា បណ្តាទីភ្នាក់របស់រដ្ឋាភិបាល ប្រើប្រាស់អំណាចរបស់ខ្លួនអនុលោមទៅតាមការអនុញ្ញាត និងនីតិវិធី។ ដោយឈរយ៉ាងរឹងមាំលើគ្រឹះមូលដ្ឋាននេះ ប្រទេសចិនត្រូវបានគេវាយតម្លៃថាផលិតផលក្នុងស្រុកសរុបក្នុងប្រជាជនចិនម្នាក់ៗបានឈានដល់១៣ ៩០០ដុល្លារអាមេរិក ។

«យកការកសាងសេដ្ឋកិច្ចជាស្នូល» ជាត្រីវិស័យរបស់បក្សកុម្មុយនិស្តចិន នៅក្នុងការដឹកនាំប្រទេសចិន ក្លាយជាប្រទេសមហាអំណាច សេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក។ មនុស្សជាតិបានយល់ដឹង យ៉ាងស៊ីជម្រៅពីអភិបាលកិច្ចប្រទេសចិន ដោយបានចេញដំណើរកាលពីឆ្នាំ១៩៧៨លើគោលនយោបាយបើកទូលាយ និងការធ្វើទំនើបកម្មសង្គមនិយម តាមបែបផែនចិន ហើយចាប់តាំងពីសមាជលើកទី១៨មក បក្សកុម្មុយនិស្តចិន បានដាក់ចេញនូវគោលដៅដើម្បីសម្រេច ឱ្យបានការកសាងសង្គមដែលមានវិបុលភាពលើគ្រប់វិស័យ និងពង្រឹងកំណែទម្រង់និងការបើកទូលាយធ្វើការរៀបចំលើគ្រប់ផ្នែក ដើម្បីលើកកម្ពស់ការធ្វើទំនើបកម្មសង្គមនិយម ហើយរំលេចយ៉ាងច្បាស់លាស់ពីចក្ខុវិស័យដើម្បីកសាងបក្សឱ្យកាន់តែមានលក្ខណៈតាមបែបផែនរបស់ចិននៅក្នុងលក្ខខណ្ឌថ្មីវិទ្យាសាស្ត្រលើគ្រប់វិស័យទាំងអស់។ ដូចដែលពិភពលោកបានដឹងទាំងអស់គ្នាថាទំហំសរុបនៃសេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលបែបលោតផ្លោះថ្មីជាបន្តបន្ទាប់ តាមការប៉ាន់ប្រមាណនឹងឡើងដល់១៤០ទ្រីលានយាន់ប្រាក់ចិនក្នុងឆ្នាំ២០២៥ ដែលកើតចេញពីប្រជាជនចិន គឺប្រជាជនចិនជាអ្នកបង្កើត ប្រវត្តិសាស្ត្រដ៏អស្ចារ្យនេះក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ ដរាបណាប្រជាជាតិចិន នៅបន្តការរួបរួមសាមគ្គីគ្នា ជាធ្លុងមួយក្រោមម្លប់របស់បក្សកុម្មុយនិស្តចិន ពិតណាស់ដែលថា ប្រទេសចិន នឹងបន្តទទួល បានជ័យជម្នះ ហើយមនុស្សជាតិនឹង បន្តទទួល បាននូវឌ្ឍនភាពដោយប្រទេសនានា នឹងបន្តទទួលបាននូវកាលានុវត្តភាព ពីប្រទេសចិន។ ក្នុងន័យនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ទទួលបានតាមរយៈការជំរុញការគ្រប់គ្រង បក្សកុម្មុយនិស្តចិនយ៉ាងតឹងរ៉ឹង ដោយគ្រប់ជ្រុងជ្រោយ និងការលើកកម្ពស់ស្តង់ដាខ្ពស់ មិនត្រឹមតែបម្រើផលប្រយោជន៍ មូលដ្ឋានរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមរបស់មនុស្សជាតិទាំងមូលផងដែរ។

ជារួមក្នុងបរិបទនៃការប្រែប្រួលយ៉ាង ឆាប់រហ័សនៃស្ថានការណ៍អន្តរជាតិ និងបញ្ហាប្រឈមស្មុគស្មាញជាសកល បក្សកុម្មុយនិស្តចិនបាននិងកំពុងបន្ត ការអនុវត្តនូវយន្តការដែលមានស្រាប់ និងកាន់តែតឹងរ៉ឹងលើ«ការគ្រប់គ្រង បក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ» ជាមួយនឹងស្តង់ដាកាន់តែខ្ពស់ ដើម្បីធានាថាបក្សកុម្មុយនិស្តចិន នៅតែមានភាពសុចរិត ភាពរឹងមាំ និងសមត្ថភាពដឹកនាំប្រទេសចិនឆ្ពោះទៅការអភិវឌ្ឍប្រកបដោយគុណភាព និងស្ថិរភាពយូរអង្វែង។ មនុស្សជាតិទាំងមូលយល់ស្របជាមួយប្រជាជនចិនថា ជាមួយនឹងស្តង់ដាកាន់តែខ្ពស់ បក្សកុម្មុយនិស្តចិនដែលបាន ផ្តោតសំខាន់លើ «អភិបាលកិច្ចប្រកបដោយនីតិរដ្ឋ» និង «ការគ្រប់គ្រងជនកុម្មុយនិស្ត ដោយវិន័យ» នឹង បង្កើនភាពថ្លៃថ្នូរ និងទំនុកចិត្ត របស់ប្រជាជនចិនចំពោះបក្សកុម្មុយនិស្តចិន និងរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន ហើយពិភពលោកនឹងយល់ ស្របគ្នាដោយសម្លេងឯកច្ឆន្ធថា គ្រឹះសំខាន់សម្រាប់ការកសាងប្រទេស សង្គមនិយមទំនើបដែលមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយតុល្យភាព សង្គមមានយុត្តិធម៌ និងបរិស្ថាន មានចីរភាព គឺផ្តើមចេញពីគំរូភាពរបស់ប្រទេសចិន ដែលមានបក្សកុម្មុយនិស្តចិន ជាស្នូលតែមួយគត់៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top