ព័ត៌មានអន្តរជាតិ

ឥណ្ឌាជំរុញឱ្យពលរដ្ឋខ្លួនទាំង ១០.៧៦៥ នាក់ ចាកចេញពីប្រទេសអ៊ីរ៉ង់ ក្នុងពេលកំពុងចលាចល និងអាមេរិកកំពុងគំរាមកំហែង

បរទេស ៖ ប្រទេសឥណ្ឌាបានជំរុញ ឱ្យពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ចាកចេញពីប្រទេស ដែលកំពុងប្រឈមមុខ នឹងការតវ៉ាដោយហិង្សា និងការគំរាមកំហែងពីអន្តរាគមន៍ របស់សហរដ្ឋអាមេរិក។ យោងតាមក្រសួងការបរទេសឥណ្ឌា គឺបច្ចុប្បន្ននេះមានជនជាតិឥណ្ឌាយ៉ាងហោចណាស់ ១០.៧៦៥ នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ស្ថានទូតឥណ្ឌាប្រចាំទីក្រុង តេហេរ៉ង់បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធថា “ដោយសារស្ថានភាពវិវត្តនៅក្នុងប្រទេសអ៊ីរ៉ង់ ជនជាតិឥណ្ឌាដែលកំពុងនៅក្នុងប្រទេសអ៊ីរ៉ង់ រួមមាន និស្សិត អ្នកធ្វើធម្មយាត្រា អ្នកជំនួញ និងអ្នកទេសចរ ត្រូវបានណែនាំឱ្យចាកចេញទោះដោយមធ្យោបាយដឹកជញ្ជូនណាមួយក៏ដោយ”។

ស្ថានទូតឥណ្ឌាប្រចាំទីក្រុងតេហេរ៉ង់បានជំរុញឱ្យអ្នកដែលមិនអាចចាកចេញភ្លាមៗឱ្យកំណត់ចលនារបស់ពួកគេ ជៀសវាងទៅកន្លែង ដែលមានមនុស្សច្រើន និងងាយរងគ្រោះ និងរក្សាទំនាក់ទំនងជា ប្រចាំជាមួយស្ថានទូត ឥណ្ឌាសម្រាប់ព័ត៌មានថ្មីៗ និងសម្រាប់ជំនួយ។

ជនជាតិឥណ្ឌាក៏ត្រូវបានស្នើសុំឱ្យរក្សាទុកឯកសារធ្វើដំណើរ និងអន្តោប្រវេសន៍របស់ពួកគេ រួមទាំងលិខិតឆ្លងដែន និងឯកសារអត្តសញ្ញាណប័ណ្ណ ដែលអាចចូលប្រើបានយ៉ាងងាយស្រួល ហើយកាលពីថ្ងៃទី ៥ ខែមករា ក្រសួងការបរទេសឥណ្ឌា ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនជៀសវាង ការធ្វើដំណើរដែលមិន ចាំបាច់ទៅកាន់ប្រទេសអ៊ីរ៉ង់ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top