ព័ត៌មានអន្តរជាតិ

សម្ព័ន្ធមិត្តអឺរ៉ុប និងណាតូ គាំទ្រកោះ Greenland ចំពេលមានភាព តានតឹងកើនឡើង នៅតំបន់អាកទិក

បរទេស៖ សហភាពអឺរ៉ុប និង សម្ព័ន្ធមិត្តណាតូ បានបង្កើនការគាំទ្រផ្នែកនយោបាយ និងយោធាសម្រាប់កោះ Greenland ខណៈដែលក្តីបារម្ភកើនឡើង លើសន្តិសុខនៅតំបន់អាកទិក បន្ទាប់ពីសេចក្តីថ្លែងការណ៍ថ្មីៗរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីកោះដ៏សំខាន់ជាយុទ្ធសាស្ត្រនេះ។

ក្រសួងការពារជាតិដាណឺម៉ាក បានបញ្ជាក់កាលពីថ្ងៃពុធថា ប្រទេសដាណឺម៉ាក កំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុង និងជុំវិញ Greenland ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្ព័ន្ធមិត្ត ណាតូ។ យោងតាមសេចក្តីប្រកាសព័ត៌មានមួយ វត្តមានដែលបានបង្កើនចាប់ផ្តើម នៅថ្ងៃពុធរួមមានសមត្ថភាព បន្ថែមដូចជា កប៉ាល់ យន្តហោះ និងទាហាន។ ការប្រកាសនេះបានកើតឡើងមុនកិច្ចប្រជុំរវាងប្រទេសដាណឺម៉ាក Greenland និងសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។

ក្រសួងបានឲ្យដឹងថា “គោលបំណង គឺដើម្បីបណ្តុះបណ្តាលសមត្ថភាព ក្នុងការធ្វើប្រតិបត្តិការក្រោមលក្ខខណ្ឌអាកទិកតែមួយគត់ និងដើម្បីពង្រឹង វត្តមានរបស់សម្ព័ន្ធមិត្តនៅក្នុងតំបន់អាកទិក ដែលផ្តល់អត្ថប្រយោជន៍ ដល់សន្តិសុខទាំងអឺរ៉ុប និងអន្តរអាត្លង់ទិក”។ រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាកលោក Troels Lund Poulsen បានពិពណ៌នាអំពីចលនានេះថាជា “ការឆ្លើយតបយ៉ាងច្បាស់លាស់ ចំពោះបញ្ហាប្រឈមដែលតំបន់អាកទិក កំពុងប្រឈមមុខ” ហើយបានឲ្យដឹងថា រដ្ឋាភិបាលប្តេជ្ញាបង្កើត “វត្តមានយោធាអចិន្ត្រៃយ៍ និងធំជាងមុន” សម្រាប់ប្រទេសដាណឺម៉ាក និងសម្ព័ន្ធមិត្តណាតូ របស់ខ្លួននៅក្នុង និងជុំវិញកោះ Greenland។

សកម្មភាពរបស់ប្រទេសដាណឺម៉ាកត្រូវបានអមដោយការគាំទ្រជាក់ស្តែងពីសម្ព័ន្ធមិត្តណាតូ។ នាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Ulf Kristersson បាននិយាយកាលពីថ្ងៃពុធថា ប្រទេសស៊ុយអែត បានបញ្ជូនបុគ្គលិកយោធាទៅកាន់កោះ Greenland តាមការស្នើសុំរបស់ប្រទេសដាណឺម៉ាក ដោយកត់សម្គាល់ថាការដាក់ពង្រាយនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការរៀបចំសម្រាប់ “Arctic Endurance” ដែលជាប្រតិបត្តិការ ដែលគ្រោងទុកដោយប្រទេសដាណឺម៉ាក។ កងកម្លាំងប្រដាប់អាវុធស៊ុយអែត បានបញ្ជាក់ថា បុគ្គលិកស៊ុយអែត គឺស្ថិតក្នុងចំណោមក្រុមដំបូងដែលមកដល់កោះនេះ។

ប្រទេសន័រវែសក៏បានចូលរួមវិភាគទានបុគ្គលិកផងដែរ។ នៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីដាណឺម៉ាករបស់គាត់ដែលបានធ្វើឡើងកាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងការពារជាតិន័រវែសលោក Tore Sandvik បានឲ្យដឹងថា ប្រទេសន័រវែសកំពុងបញ្ជូនបុគ្គលិកយោធាពីរនាក់ទៅកាន់កោះ Greenland ដើម្បី “គូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងសម្ព័ន្ធមិត្ត”។ លោកបានបន្ថែមថា មានការសន្ទនាជាបន្តបន្ទាប់នៅក្នុងអង្គការណាតូ អំពីរបៀបពង្រឹងសន្តិសុខនៅតំបន់អាកទិក រួមទាំងនៅក្នុង និងជុំវិញកោះ Greenland។

ក្រៅពីការដាក់ពង្រាយយោធាដោយផ្ទាល់ ការគាំទ្រផ្នែកនយោបាយត្រូវបានសម្តែងនៅកម្រិតជាតិ និងសហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Yvette Cooper កាលពីថ្ងៃពុធបានអំពាវនាវឱ្យអង្គការណាតូ “បង្កើនវត្តមានយោធា និងសន្តិសុខរបស់ខ្លួននៅក្នុងតំបន់អាកទិក” ដោយពណ៌នាអំពីតំបន់នេះថាជា “ខ្សែបន្ទាត់ខាងមុខនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top