ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេស បានធ្វើបច្ចុប្បន្នភាពដំបូន្មានធ្វើដំណើរទៅក្រៅប្រទេសរបស់ខ្លួនសម្រាប់ប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធ ដោយប្រកាសពីការដកបុគ្គលិកជាបណ្តោះអាសន្នពីស្ថានទូតរបស់ខ្លួននៅទីក្រុងតេអេរ៉ង់ ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ។
ក្នុងវិធានការប្រុងប្រយ័ត្ន រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា ខ្លួនបានដកបុគ្គលិកអង់គ្លេសចេញពីស្ថានទូតរបស់ខ្លួននៅទីនោះជាបណ្តោះអាសន្ន ដោយបន្ថែមថា “ស្ថានទូតនៅតែបន្តដំណើរការពីចម្ងាយ”។
ការណែនាំដែលបានធ្វើបច្ចុប្បន្នភាពព្រមានថា “ស្ថានភាពអាចកើនឡើងយ៉ាងឆាប់រហ័ស និងបង្កហានិភ័យសំខាន់ៗ” ដោយបញ្ជាក់ជាថ្មីអំពីដំបូន្មានរបស់ខ្លួនប្រឆាំងនឹងការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសអ៊ីរ៉ង់។
ការព្រមាននេះបានកត់សម្គាល់ថា ការគាំទ្ររបស់រដ្ឋាភិបាលអង់គ្លេស មានកម្រិតខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ង់។ ប្រភពបានបន្ថែមថា “គ្មានជំនួយកុងស៊ុលផ្ទាល់នឹងអាចធ្វើទៅបានក្នុងគ្រាអាសន្នទេ ហើយរដ្ឋាភិបាលចក្រភពអង់គ្លេស នឹងមិនអាចជួយអ្នកបានទេ ប្រសិនបើអ្នកជួបការលំបាកនៅក្នុងប្រទេសអ៊ីរ៉ង់”៕
ប្រែសម្រួល ឈូក បូរ៉ា
