អាល្លឺម៉ង់ នឹងបញ្ជូនបុគ្គលិកយោធាទៅកាន់ Greenland សម្រាប់បេសកកម្ម ពហុជាតិសាសន៍
ប៊ែរឡាំង៖ ក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសថា ខ្លួននឹងចូលរួមក្នុងបេសកកម្មឈ្លបយកការណ៍ពហុជាតិសាសន៍នៅ Greenland ដើម្បីវាយតម្លៃការ ចូលរួមចំណែកយោធា ដែលអាចកើតមាន ចំពោះសន្តិសុខក្នុងតំបន់។ តាមការអញ្ជើញ របស់ប្រទេសដាណឺម៉ាក ក្រុមបុគ្គលិកចំនួន ១៣នាក់ មកពីកងកម្លាំងប្រដាប់ អាវុធអាល្លឺម៉ង់ Bundeswehr នឹងចូលរួមជាមួយប្រទេសអឺរ៉ុបដទៃទៀត សម្រាប់បេសកកម្មនៅ Greenland ។

ក្រុមនេះត្រូវបានកំណត់ឱ្យចេញដំណើរទៅកាន់ទីក្រុង Nuuk ដែលជារដ្ឋធានីនៃ Greenland នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ គោលបំណង នៃបេសកកម្មនេះ គឺដើម្បីស្វែងយល់ពីលក្ខខណ្ឌក្របខ័ណ្ឌ សម្រាប់ការគាំទ្រយោធា ដែលអាចកើតមាន ដល់ប្រទេសដាណឺម៉ាក ក្នុងការធានា សន្តិសុខនៅក្នុងតំបន់។ ឧទាហរណ៍ ក្រុមនេះនឹងពិនិត្យមើលសមត្ថភាព ដូចជាការឃ្លាំមើលតាមសមុទ្រជាដើម។
ក្រសួងការពារជាតិដាណឺម៉ាក បានបញ្ជាក់កាលពីថ្ងៃពុធថា ប្រទេសដាណឺម៉ាក កំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុង និងជុំវិញ Greenland ដោយធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តណាតូ។ នៅថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Ulf Kristersson បានឲ្យដឹងថា ប្រទេសស៊ុយអែត បានបញ្ជូនបុគ្គលិកយោធាទៅកាន់ Greenland តាមសំណើ របស់ប្រទេសដាណឺម៉ាក។ ប្រទេសន័រវេសក៏បានឲ្យដឹងផងដែរថា ខ្លួនកំពុងបញ្ជូនបុគ្គលិកយោធាពីរនាក់ ទៅកាន់កោះ Greenland ដើម្បី «គូសផែនទីកិច្ចសហប្រតិបត្តិការ បន្ថែមទៀតរវាងសម្ព័ន្ធមិត្ត»។
កោះ Greenland គឺ ជាទឹកដីគ្រប់គ្រងដោយខ្លួនឯង នៅក្នុងប្រទេស ដាណឺម៉ាក ដោយទីក្រុងកូប៉ិនហាក នៅតែគ្រប់គ្រង លើគោល នយោបាយការពារជាតិ និងការបរទេស ។ សហរដ្ឋអាមេរិក រក្សាមូលដ្ឋានយោធា នៅលើកោះនេះ។ ចាប់តាំងពីវិល ត្រឡប់មកកាន់តំណែងវិញនៅឆ្នាំ ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញម្តង ហើយម្តងទៀត នូវបំណងប្រាថ្នាចង់ «ទទួលបាន» កោះ Greenland ហើយថ្មីៗនេះបានបង្កើនការ គំរាមកំហែងរបស់លោកផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
