ព័ត៌មានអន្តរជាតិ

អាមេរិករឹបអូសនាវា ដឹកប្រេងបរទេស ផ្សេងទៀតនៅការ៉ាប៊ីន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT និងប្រភពពីមន្ត្រីយោធាអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក បានរឹបអូសយកនាវា ដឹកប្រេងឆៅមួយគ្រឿងទៀត នៅតំបន់ការ៉ាប៊ីន ដែលសង្ស័យថាបានដឹកប្រេង រំលោភលើទណ្ឌកម្ម ដែលបានអនុវត្ត នៅវេណេស៊ុយអេឡា។

ការរឹបអូសបានធ្វើឡើងនៅពេល ដែលប្រធានាធិបតីអាមេរិក Donald Trump ស្វែងរកការរឹតបន្តឹងការគ្រប់គ្រង លើការនាំចេញប្រេង របស់វេណេស៊ុយអេឡា បន្ទាប់ពីការវាយឆ្មក់កាលពីថ្ងៃទី៣ ខែមករា ដែលបានចាប់ពង្រត់ ប្រធានាធិបតីអាមេរិកខាងត្បូងលោក Nicolas Maduro ផង។

យោធាអាមេរិក និងឆ្មាំឆ្នេរសមុទ្របានយកនាវាចំនួន៥គ្រឿង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅក្នុងដែនទឹកអន្តរជាតិ រួមទាំងនាវា Marinera ដែលមានទង់ជាតិរុស្ស៊ី នៅភាគពាយព្យ នៃប្រទេសស្កុតឡែន។

កន្លងមករដ្ឋាភិបាល ទីក្រុងមូស្គូ បានថ្កោលទោស ការរឹបអូសនាវាដឹកប្រេងថា ជាការបំពានលើអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ។

គួរឲ្យដឹងដែរថា ចុងក្រោយនេះសកម្មភាព​ របស់​អាមេរិក ​បាន​ជំរុញ​ឲ្យ​មានការ ​ថ្កោលទោស​អន្តរជាតិ។ រុស្ស៊ីបានហៅការ ចាប់ខ្លួនលោក Maduro ថា ជាការរំលោភច្បាប់អន្តរជាតិ ហើយបានអះអាងសារជាថ្មី អំពីសាមគ្គីភាពរបស់ខ្លួន ជាមួយប្រទេស វេណេហ្ស៊ុយអេឡា ក្នុងការប្រឈមមុខ នឹងការគំរាមកំហែង ពីអាណានិគមនិយមនិយម និងការឈ្លានពានដោយអាវុធពីខាងក្រៅ ដោយអំពាវនាវឱ្យមានការដោះលែងលោក Maduro ជាបន្ទាន់ទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top