រដ្ឋមន្រ្តីការបរទេសបារាំង ៖ ជនជាតិអឺរ៉ុប មានសមត្ថភាព ការពារទឹកដីរបស់ពួកគេ ប្រឆាំងនឹងការគំរាមកំហែងណាមួយ
រីហ្គា៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានឧ្យដឹងថា ជនជាតិអឺរ៉ុបមានសមត្ថភាព ពេញលេញក្នុងការការពារ ទឹកដីរបស់ពួកគេប្រឆាំងនឹងការ គំរាមកំហែងណាមួយ ដោយសង្កត់ធ្ងន់ថា Greenland គឺជាទឹកដីអឺរ៉ុប ដែលសន្តិសុខមិន អាចបំបែកចេញពីអឺរ៉ុបបាន។

លោក Barrot បានមកដល់ទីក្រុងរីហ្គា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាជាមួយសមភាគីឡាតវីរបស់លោក គឺលោក Baiba Braze ដោយផ្តោតលើសន្តិសុខអឺរ៉ុបក្នុងចំណោម ផែនការរបស់ទីក្រុងវ៉ាស៊ីនតោនលើកោះ Greenland។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ លោក Barrot បានគូសបញ្ជាក់ថា Greenland គឺជាទឹកដីអឺរ៉ុប ហើយសន្តិសុខនៅតំបន់អាកទិក មិនអាចបំបែកចេញពីសន្តិសុខអឺរ៉ុបបាននោះទេ។
លោកបានកត់សម្គាល់ថា កងកម្លាំងបារាំងកំពុងចូលរួមសមយុទ្ធយោធា ដែលរៀបចំដោយប្រទេសដាណឺម៉ាកនៅកោះ Greenland នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានសង្កត់ធ្ងន់ថា បញ្ហាកោះ Greenland គឺមានសារៈសំខាន់នៅក្នុងបរិបទ នៃសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិក ហើយការសន្ទនាដោយផ្ទាល់រវាងប្រទេសដាណឺម៉ាក និងសហរដ្ឋអាមេរិក គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីដោះស្រាយបញ្ហាសន្តិសុខ៕
ប្រែសម្រួល ឈូក បូរ៉ា
