ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ ព្រមានយកពន្ធលើប្រទេស​ ដែលមិនគាំទ្រផែនការយកកោះ​ Greenland របស់លោក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោកអាចនឹងដាក់ពន្ធលើប្រទេសដែលមិនគាំទ្រផែនការរបស់លោក​ សម្រាប់សហរដ្ឋអាមេរិកក្នុងការទទួលបានកោះ​ Greenland។

លោក​ ត្រាំ បានឧ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា “ខ្ញុំអាចនឹងដាក់ពន្ធលើប្រទេសនានា ប្រសិនបើពួកគេមិនយល់ស្របជាមួយផែនការ Greenland ពីព្រោះយើងត្រូវការ Greenland សម្រាប់សន្តិសុខជាតិ”។

គួរបញ្ជាក់ថា​ កោះ​ Greenland មានរដ្ឋាភិបាលគ្រប់គ្រងដោយខ្លួនឯងនៅក្នុងប្រទេសដាណឺម៉ាក ដោយទីក្រុង Copenhagen រក្សាអំណាចលើគោលនយោបាយការពារជាតិ និងការបរទេសរបស់ខ្លួន​ ហេីយសហរដ្ឋអាមេរិក​ រក្សាមូលដ្ឋានយោធានៅលើកោះនេះ។

ចាប់តាំងពីវិលត្រឡប់ទៅកាន់សេតវិមានវិញនៅឆ្នាំ២០២៥​ លោក ត្រាំ​ បានបង្ហាញម្តងហើយម្តងទៀតនូវបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការទទួលបានកោះ Greenland តាមមធ្យោបាយណាមួយ។

គួរបញ្ជាក់ថា​ ការមិនចុះសម្រុងគ្នាជាមូលដ្ឋាន នៅតែបន្តកើតមានលើអនាគតនៃកោះ​ Greenland បន្ទាប់ពីកិច្ចប្រជុំរបស់មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក ដាណឺម៉ាក និង Greenland កាលពីថ្ងៃពុធ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានជួបជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen និងរដ្ឋមន្ត្រីការបរទេស Greenland លោក Vivian Motzfeldt នៅឯសេតវិមាន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top