ព័ត៌មានអន្តរជាតិ

ក្រសួងយុត្តិធម៌អាមេរិក កំពុងស៊ើបអង្កេតអភិបាលរដ្ឋ Minnesota និងអភិបាលក្រុង Minneapolis ពីបទរារាំងការអនុវត្តច្បាប់សហព័ន្ធ

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Fox News បានរាយការណ៍ កាលពីថ្ងៃសុក្រថា រដ្ឋអាជ្ញាសហព័ន្ធកំពុងស៊ើបអង្កេតលោក Tim Walz អភិបាលរដ្ឋ Minnesota និងលោក Jacob Frey អភិបាលក្រុង Minneapolis ពីបទរារាំងប្រតិបត្តិការអនុវត្តច្បាប់ សហព័ន្ធនៅក្នុងរដ្ឋ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Todd Blanche អនុប្រធានរដ្ឋអាជ្ញាសហរដ្ឋអាមេរិក ដែលត្រូវបានដកស្រង់ សម្តីដែលបាននិយាយថា វោហាសាស្ត្ររបស់មន្ត្រី ទាំងពីររូបប្រឆាំងនឹងការអនុវត្តច្បាប់ អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក (ICE) កំពុងខិតជិត ដល់បទល្មើសសហព័ន្ធដែលអាចកើតមាន។

លោក Blanche បាននិយាយថា “នៅពេលដែលអភិបាល ឬអភិបាលក្រុងគំរាមកំហែងមន្ត្រីរបស់យើង នៅពេលដែលអភិបាលក្រុងណែនាំថា គាត់កំពុងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យទូរស័ព្ទទៅលេខ ៩១១ នៅពេលដែលពួកគេឃើញមន្ត្រី ICE , នោះជិតដល់ឧក្រិដ្ឋកម្មសហព័ន្ធហើយ”។

របាយការណ៍នេះបាននិយាយថា ប្រភពពីរដែលដឹងបញ្ហានេះបានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងដំណើរការ ទោះបីជាវានៅតែស្ថិតក្នុងដំណាក់កាលដំបូង ហើយវាមិនច្បាស់ថា តើវានឹងនាំឱ្យមានការចោទប្រកាន់ព្រហ្មទណ្ឌឬអត់ក៏ដោយ។ មិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានចេញផ្សាយជាសាធារណៈទេ។

គេហទំព័រនយោបាយ របស់សហរដ្ឋអាមេរិក The Hill បានរាយការណ៍ថា ក្រសួងយុត្តិធម៌ (DOJ) កាលពីថ្ងៃសុក្របានចេញដីកាកោះហៅ អ្នកនយោបាយគណបក្សប្រជាធិបតេយ្យ ទាំងពីររូប ដោយចោទប្រកាន់ពួកគេពីបទជ្រៀតជ្រែក ជាមួយសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ សហព័ន្ធក្នុងការអនុវត្តកាតព្វកិច្ចរបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top