លោក Khamenei អះអាងថា កងកម្លាំងអ៊ីរ៉ង បានយកឈ្នះអាមេរិក ក្នុងប្រតិបត្តិការបង្ក្រាប បាតុករក្នុងប្រទេស
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកំពូល នៃសាធារណរដ្ឋឥស្លាម លោក Ayatollah Ali Khamenei បាននិយាយថា អ៊ីរ៉ង់ បានយកឈ្នះ លើសហរដ្ឋអាមេរិក ដោយទប់ស្កាត់ការតវ៉ាដោយហិង្សា បានកើតឡើងនៅក្នុង ប្រទេសរបស់ខ្លួននាពេលថ្មីៗនេះ។
បាតុកម្មបានផ្ទុះឡើងនៅទូទាំងប្រទេសអ៊ីរ៉ង់ កាលពីចុងខែធ្នូ ជុំវិញអតិផរណាខ្ពស់ និងបញ្ហាសេដ្ឋកិច្ចផ្សេងទៀត ប៉ុន្តែភ្លាមៗនោះបានវិវត្ត ទៅជាការតវ៉ាប្រឆាំង រដ្ឋាភិបាល កាន់តែទូលំទូលាយ ជាមួយនឹងការប៉ះទង្គិចគ្នា ដែលបណ្តាលឱ្យមនុស្ស រាប់រយនាក់ស្លាប់ក្នុង ចំណោមកងកម្លាំងសន្តិសុខ និងក្រុមកុប្បកម្មផង។
យ៉ាងណាក៏ដោយ កាលពីដើមសប្តាហ៍នេះ អាជ្ញាធរក្រុងតេហរ៉ង់ បានប្រកាសថាពួកគេបានធ្វើឲ្យស្ថានការណ៍ស្ថិតនៅក្រោមការគ្រប់គ្រង ដោយភាពស្ងប់ស្ងាត់ បានវិលត្រឡប់ទៅកាន់ទីក្រុងធំៗរបស់ប្រទេសវិញហើយ។
នៅក្នុងការបង្ហោះជាបន្តបន្ទាប់នៅលើ X កាលពីថ្ងៃសៅរ៍ លោក Khamenei បានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាមេក្លោងភាពចលាចលនេះ ខណៈពេលដែលបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាជាពិរុទ្ធជនចម្បង។
មេដឹកនាំកំពូលរូបនេះ បានលើកឡើងដដែលថា ៖ លោក Donald Trump ខ្លួនគាត់ផ្ទាល់បានចូលរួមក្នុងការបះបោរនេះ ។ មេដឹកនាំកំពូលក៏បានទទូចដោយសំដៅ លើការសន្យារបស់ប្រធានាធិបតី អាមេរិកចំពោះក្រុមបាតុករថា ជំនួយកំពុងដំណើរការ និងការដាក់ពង្រាយនាវាចម្បាំង អាមេរិកទៅកាន់មជ្ឈិមបូព៌ានោះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
