ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេសនៅអឺរ៉ុប ប្រមូលផ្តុំគ្នាប្រឆាំង នឹងពន្ធគយរបស់អាមេរិក ជុំវិញបញ្ហាកោះហ្គ្រីនឡែន

ព្រុចសែល៖ ការបែកបាក់អន្តរអាត្លង់ទិក លើបញ្ហាកោះហ្គ្រីនឡែន កាន់តែជ្រៅទៅៗ គួរឱ្យកត់សម្គាល់ ខណៈដែលអឺរ៉ុប បានធ្វើការស្តីបន្ទោសដ៏កម្រ និងរួបរួមគ្នា ចំពោះការគំរាមកំហែង ពន្ធដាក់ទណ្ឌកម្ម ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

នៅក្នុងការឆ្លើយតបសម្របសម្រួលខ្លាំង បំផុតរហូតមកដល់ពេលនេះ ប្រទេសទាំង៨ ដែលត្រូវបានកំណត់គោលដៅ ដោយផ្ទាល់ដោយពន្ធដែលបានស្នើឡើង – ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវែស ស៊ុយអែត និងចក្រភពអង់គ្លេស – បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលប្រកាសពី “សាមគ្គីភាពពេញលេញ” ជាមួយដាណឺម៉ាក និងកោះហ្គ្រីនឡែន។

ពួកគេបានព្រមានថា ចលនារបស់សហរដ្ឋអាមេរិកប្រឈមនឹង “ការធ្លាក់ចុះដ៏គ្រោះថ្នាក់” នៅក្នុងទំនាក់ទំនងអន្តរអាត្លង់ទិក ហើយបានសន្យាថា នឹងមានការឆ្លើយតប “រួបរួម និងសម្របសម្រួល” ដើម្បីរក្សាអធិបតេយ្យភាព។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានឲ្យដឹងថា សហភាពអឺរ៉ុប “ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំងនឹង ទម្រង់នៃការបង្ខិតបង្ខំណាមួយ” ដើម្បីឆ្លើយតបទៅនឹងការគំរាម កំហែងពន្ធរបស់លោក ត្រាំ។

មេដឹកនាំ និងរដ្ឋមន្ត្រីអឺរ៉ុប បានហៅការគំរាមកំហែង របស់សហរដ្ឋអាមេរិកថា ជាការបង្ខិតបង្ខំ និងមិនអាចទទួលយកបាន។ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក David van Weel បានហៅយ៉ាងច្បាស់ថា ពន្ធគយនេះថាជាទង្វើ «គំរាមកំហែង» ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ឲ្យដក «សំណើដ៏គួរឱ្យអស់សំណើច» មុនពេលវាចូលជាធរមាន។ អនុអធិការបតីអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lars Klingbeil បានឲ្យដឹងថា ទីក្រុងប៊ែរឡាំង «មិនត្រូវអនុញ្ញាតឱ្យខ្លួនឯង ត្រូវបានគំរាមកំហែងឡើយ» ដោយបន្ថែមថា «ខ្សែបន្ទាត់មួយត្រូវបានឆ្លងកាត់ហើយ»៕
ប្រែសម្រួល ឈូក បូរ៉ា

To Top