សហភាពអឺរ៉ុប កំពុងពិចារណាឆ្លើយតប ទៅកាន់អាមេរិក ជាមួយនឹងពន្ធគយចំនួន ៩៣ ពាន់លានអឺរ៉ូ
ប្រ៊ុចសែល៖ សហភាពអឺរ៉ុប កំពុងពិចារណាវាយប្រហារ ទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងពន្ធគយចំនួន ៩៣ ពាន់លានអឺរ៉ូ (១០៧,៦៨ ពាន់លានដុល្លារអាមេរិក) ឬរឹតត្បិតក្រុមហ៊ុន អាមេរិកពីទីផ្សាររបស់ប្លុក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញបញ្ហាកោះហ្គ្រីនឡែន នេះបើយោងតាមកាសែត Financial Times។
ដោយដកស្រង់សម្តីមន្ត្រី ដែលពាក់ព័ន្ធនឹងការរៀបចំ កាសែត Financial Times បានចុះផ្សាយថា វិធានការសងសឹក កំពុងត្រូវបានរៀបចំឡើង ដើម្បីផ្តល់អំណាចដល់មេដឹកនាំអឺរ៉ុប មុនកិច្ចប្រជុំសំខាន់ៗជាមួយលោក ត្រាំ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស នៅសប្តាហ៍បន្ទាប់។
របាយការណ៍នេះបានឲ្យដឹងថា សហភាពអឺរ៉ុបបានរៀបចំបញ្ជីពន្ធគយចាប់តាំងពីឆ្នាំមុន ប៉ុន្តែបានផ្អាកវារហូតដល់ថ្ងៃទី ៦ ខែកុម្ភៈ ដើម្បីជៀសវាងសង្គ្រាម ពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមការកើនឡើង នៃការបែកបាក់អន្តរអាត្លង់ទិកលើកោះហ្គ្រីនឡែន តំណាងសមាជិកសហភាពអឺរ៉ុប បានពិភាក្សាអំពីការធ្វើឱ្យសកម្មឡើងវិញ នៅថ្ងៃអាទិត្យ រួមជាមួយនឹងការពិភាក្សាអំពីការ ប្រើប្រាស់ ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ ដែលអាចរារាំងការចូលប្រើប្រាស់ របស់ក្រុមហ៊ុនអាមេរិកទៅកាន់ទីផ្សាររបស់ប្លុក។
របាយការណ៍នេះបានកើតឡើងបន្ទាប់ពីប្រទេសចំនួន៨ ដែលត្រូវបានកំណត់គោលដៅ ដោយផ្ទាល់ដោយពន្ធគយ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក – ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវែស ស៊ុយអែត និងចក្រភពអង់គ្លេស – បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ដោយប្រកាសពី “សាមគ្គីភាពពេញលេញ” ជាមួយដាណឺម៉ាក និងហ្គ្រីនឡែន។
នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ លោក ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងយកពន្ធគយ ១០ ភាគរយចាប់ពីថ្ងៃទី ១ ខែកុម្ភៈ លើទំនិញពីប្រទេសទាំងប្រាំបីដែលបានរៀបរាប់ខាងលើ។ លោកបានព្រមានថា អត្រានេះនឹងកើនឡើង ដល់ ២៥ ភាគរយ នៅថ្ងៃទី ១ ខែមិថុនា ហើយនៅតែមានសុពលភាព រហូតដល់កិច្ចព្រមព្រៀង មួយត្រូវបានសម្រេច សម្រាប់ការទិញយកទាំងស្រុងនៃកោះហ្គ្រីនឡែន។
លោក ដូណាល់ ត្រាំ ដែលត្រូវចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោកនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចពិភាក្សាឯកជនជាមួយមេដឹកនាំអឺរ៉ុប រួមទាំងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងចូលរួមកិច្ចប្រជុំនៃប្រទេស លោកខាងលិចដែលគាំទ្រអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
