IMF ធ្វើការព្យាករណ៍កំណើន សេដ្ឋកិច្ចសកល ប្រមាណជា៣,៣ភាគរយនៅក្នុងឆ្នាំ២០២៦នេះ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថាIMFកាលពីថ្ងៃចន្ទ បានធ្វើឱ្យប្រសើរឡើងបន្តិច នូវការព្យាករណ៍កំណើន សកលរបស់ខ្លួនសម្រាប់ឆ្នាំ២០២៦ ដោយនិយាយថា សេដ្ឋកិច្ចពិភពលោកនៅ តែមានភាពធន់ជាងការរំពឹងទុក ទោះបីជាមានការរំខាន ផ្នែកពាណិជ្ជកម្មក៏ដោយ។
នៅក្នុងការរៀបចំវិញចុង ក្រោយចំពោះទស្សនវិស័យសេដ្ឋកិច្ចពិភពលោក IMF បានតម្លើងការព្យាករណ៍ កំណើនសកលរបស់ខ្លួនសម្រាប់ឆ្នាំ២០២៦ នេះទៅ ដល់៣,៣ភាគរយ ពោលគឺកើនឡើងបន្តិច០,២ភាគរយ ពីការព្យាករណ៍របស់ខ្លួនក្នុងខែតុលា ឆ្នាំ២០២៥និងរក្សាការព្យាករណ៍ ឆ្នាំ២០២៧ របស់ខ្លួនមិនផ្លាស់ប្តូរនៅត្រឹម៣,២ភាគរយ។
IMF បាននិយាយថា បញ្ហាដែលកើត ចេញពីភាពមិនប្រាកដ ប្រជានៃគោលនយោបាយពាណិជ្ជកម្ម ត្រូវបានគេរំពឹងថានឹងត្រូវបានប៉ះប៉ូវ ដោយការកើនឡើង នៃការវិនិយោគទាក់ទងនឹងបច្ចេកវិទ្យា ក៏ដូចជាការគាំទ្រសារពើពន្ធ និងរូបិយវត្ថុ លក្ខខណ្ឌហិរញ្ញវត្ថុទូលំទូលាយ និងការសម្របខ្លួនរបស់វិស័យឯកជន។
ការវិភាគទិន្នន័យបានបង្ហាញថា កំណើនសេដ្ឋកិច្ចជឿនលឿន ត្រូវបានព្យាករក្នុងអត្រា១,៨ភាគរយ ក្នុងឆ្នាំ២០២៦និង១,៧ភាគរយនៅឆ្នាំ ២០២៧ខាងមុខ។
ដោយឡែកទីផ្សារ ដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ត្រូវបានគេរំពឹងថានឹងកើនឡើង ៤,២ភាគរយនៅឆ្នាំ២០២៦ និង៤,១ភាគរយនៅឆ្នាំ២០២៧ នេះបើយោងតាមតារាងព្យាករណ៍របស់ IMFដដែល៕
ប្រែសម្រួល៖ស៊ុនលី
