ព័ត៌មានអន្តរជាតិ

ដាណឺម៉ាកបញ្ជូនកងទ័ព កាន់តែច្រើនទៅកាន់កោះហ្គ្រីនឡែន បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាម ប្រទេសនៅអឺរ៉ុបជាមួយនឹងពន្ធគយ

បរទេស៖ ប្រទេសដាណឺម៉ាកបានបញ្ជូនកងទ័ពបន្ថែមទៅកាន់កោះហ្គ្រីនឡែន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងប្រទេសនៅអឺរ៉ុបជាមួយនឹងពន្ធគយ លុះត្រាតែលោកត្រូវបានអនុញ្ញាតឱ្យទិញកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានស្វែងរកជាយូរមកហើយដើម្បីទិញកោះហ្គ្រីនឡែនពីប្រទេសដាណឺម៉ាក ដោយលោកបានលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខជាតិ និងតម្រូវការក្នុងការទប់ស្កាត់ឥទ្ធិពលរបស់រុស្ស៊ី និងចិននៅក្នុងតំបន់។ សមាជិកណាតូអឺរ៉ុបបានប្រមូលផ្តុំគ្នាគាំទ្រដាណឺម៉ាក ដែលបានបដិសេធការផ្តល់ជូនរបស់លោក ដូណាល់ ត្រាំ។

ទាហានដាណឺម៉ាកមួយក្រុមថ្មីបានចុះនៅហ្គ្រីនឡែនកាលពីថ្ងៃចន្ទ។ ឧត្តមសេនីយ៍ Soren Andersen មេបញ្ជាការនៃបញ្ជាការរួមអាកទិករបស់ប្រទេសដាណឺម៉ាកនៅហ្គ្រីនឡែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា យ៉ាងហោចណាស់មានកងទ័ព ១០០ នាក់កំពុងឈរជើងនៅក្នុងរដ្ឋធានី Nuuk របស់កោះនេះ ដោយមានកងទ័ព ១០០ នាក់ផ្សេងទៀតត្រូវបានដាក់ពង្រាយទៅកាន់ Kangerlussuaq។

អ្នកនាំពាក្យយោធាដាណឺម៉ាកបានប្រាប់ CNN ថា នឹងមាន “ការកើនឡើងគួរឱ្យកត់សម្គាល់” នៃចំនួនទាហាននៅលើកោះហ្គ្រីនឡែន។ ការដាក់ពង្រាយនេះគឺជាផ្នែកមួយនៃការបញ្ចេញកម្លាំង Arctic Endurance ដែលបានចាប់ផ្តើមដើម្បីឆ្លើយតបទៅនឹងសម្ពាធពីលោក ដូណាល់ ត្រាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top