ព័ត៌មានអន្តរជាតិ

អឺរ៉ុប បញ្ជាក់ថា ប្លុកនេះមានឧបករណ៍ជាច្រើន ដើម្បីការពារ ផលប្រយោជន៍របស់ខ្លួន

ប្រ៊ុចសែល៖ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប បានឲ្យដឹងថា អឺរ៉ុបមិនមានចំណាប់អារម្មណ៍ ក្នុងការជ្រើសរើសការប្រយុទ្ធ ជាមួយសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែមានឧបករណ៍ជាច្រើនដែលខ្លួនមាន ដើម្បីការពារផលប្រយោជន៍របស់ខ្លួន ។

នៅក្នុងការបង្ហោះមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ជាមួយរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក Troels Lund Poulsen និងរដ្ឋមន្ត្រីការបរទេសហ្គ្រីនឡែន លោក Vivian Motzfeldt លោកស្រី Kallas បានសង្កត់ធ្ងន់ថា សន្តិសុខអាកទិក គឺជាផលប្រយោជន៍រួម ឆ្លងកាត់អាត្លង់ទិក និងជាបញ្ហាដែលអឺរ៉ុប អាចពិភាក្សាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែការគំរាមកំហែងពន្ធមិនមែនជាមធ្យោបាយ ដើម្បីធ្វើរឿងនេះទេ។

លោកស្រីបានបន្ថែមថា «អធិបតេយ្យភាពមិនមែន សម្រាប់ពាណិជ្ជកម្មនោះទេ» ដោយបញ្ជាក់ជាថ្មីថា អឺរ៉ុប «មិនមានចំណាប់អារម្មណ៍ ក្នុងការជ្រើសរើសការប្រយុទ្ធនោះទេ» ប៉ុន្តែនឹងឈរជើងរបស់ខ្លួន និងមានឧបករណ៍ជាច្រើន ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។

យោងតាមអ្នកនាំពាក្យគណៈកម្មការអឺរ៉ុប លោក Olof Gill មេដឹកនាំនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប នឹងបើកកិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងកោះហ្គ្រីនឡែន និងវាយតម្លៃវិធានការសងសឹក ដែលអាចកើតមាន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top