អ៊ុយក្រែន ផ្អាកការទិញយន្តហោះគ្មានមនុស្សបើកវាយប្រហារ HX-2 របស់អាល្លឺម៉ង់ ដោយសារតែមានបញ្ហាជាច្រើន
បរទេស៖ អ៊ុយក្រែនបានផ្អាកការទិញយន្តហោះគ្មានមនុស្សបើកវាយប្រហារ HX-2 របស់អាល្លឺម៉ង់ នៅចុងឆ្នាំមុន បន្ទាប់ពីមានបញ្ហាជាច្រើនក្នុងការព្យាយាមប្រតិបត្តិការយន្តហោះទាំងនោះនៅលើសមរភូមិ, នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ដោយដកស្រង់បទបង្ហាញផ្ទៃក្នុងដែលរៀបចំដោយក្រសួងការពារជាតិអាល្លឺម៉ង់ក្នុងខែវិច្ឆិកា ក៏ដូចជាអ្នកដែលដឹងបញ្ហានេះថា យន្តហោះគ្មានមនុស្សបើក (UAV) ដែលផលិតដោយក្រុមហ៊ុន Helsing ក៏មានបញ្ហាក្នុងការហោះហើរទៀតផង។ ឯកសារនេះបាននិយាយថា មានតែប្រហែលមួយភាគបួននៃ យន្តហោះគ្មានមនុស្សបើក ប៉ុណ្ណោះដែលអាចបាញ់បង្ហោះក្នុងការធ្វើតេស្តនៅជួរមុខបាន។
យន្តហោះគ្មានមនុស្សបើកទាំងនេះក៏ត្រូវបានគេរាយការណ៍ថា ងាយនឹងរងការវាយប្រហារដោយសង្គ្រាមអេឡិចត្រូនិករបស់យោធារុស្ស៊ី ដោយប្រតិបត្តិកររបស់ពួកគេបាត់បង់ការតភ្ជាប់ទៅនឹងយន្តហោះគ្មានមនុស្សបើកដោយសារតែការវាយប្រហារដោយការរំខាន។ របាយការណ៍នេះបាននិយាយទៀតថា សមាសធាតុបញ្ញាសិប្បនិម្មិតដែលគួរតែអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើកបន្តបេសកកម្មរបស់ពួកគេដោយគ្មានការបញ្ចូលពីប្រតិបត្តិករ គឺមិនត្រូវបានដំឡើងទេ។
យោងតាម Bloomberg បានឱ្យដឹងថា ការអនុវត្តមិនល្អបាននាំឱ្យអ៊ុយក្រែនបញ្ឈប់ការបញ្ជាទិញយន្តហោះគ្មានមនុស្សបើក ដែលត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលអាល្លឺម៉ង់។ ក្រុមហ៊ុន Helsing បានចុះកិច្ចព្រមព្រៀងមួយក្នុងឆ្នាំ ២០២៤ ដើម្បីផ្តល់យន្តហោះគ្មានមនុស្សបើកវាយប្រហារចំនួន ៤.០០០ គ្រឿងដល់អ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក វាត្រូវបានគេរាយការណ៍ថា បានដឹកជញ្ជូនប្រហែលពាក់កណ្តាលនៃចំនួននោះ ដែលជាម៉ូដែលចាស់ជាងដែលគេស្គាល់ថា HF-1។ យោងតាមរបាយការណ៍ ប្រហែល ៤០% នៃយន្តហោះគ្មានមនុស្សបើកវាយប្រហារទាំងនោះ មិនត្រូវបានប្រើប្រាស់ដោយយោធាអ៊ុយក្រែនទេ៕
ប្រែសម្រួលៈ ណៃ តុលា
