មនុស្សរាប់ពាន់នាក់ប្រមូលផ្ដុំគ្នាតវ៉ានៅ Greenland ប្រឆាំងនឹងប៉ុនប៉ងដណ្តើមយកទឹកដីដោយអាមេរិក
អូស្លូ៖ ប្រជាជន Greenland រាប់ពាន់នាក់បានដើរក្បួនតាមដងផ្លូវនៃទីក្រុង Nuuk កាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ាប្រឆាំងនឹងការអត្ថាធិប្បាយថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបង្ហាញថា កោះអាកទិកនេះ អាចត្រូវបានទិញ និងដណ្តើមយកដោយសហរដ្ឋអាមេរិក ដោយហៅគំនិតនេះថា មិនអាចទទួលយកបាន។

ក្រុមបាតុករបានគ្រវីទង់ជាតិដាណឺម៉ាក និង Greenland ដោយស្រែកថា “Greenland មិនមែនសម្រាប់លក់ទេ” នៅពេលដែលពួកគេបានធ្វើដំណើរទៅកាន់ស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងស្ថានភាពត្រជាក់ខ្លាំង។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានពិពណ៌នាវាថា ជាការតវ៉ាដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រថ្មីៗរបស់កោះនេះ។
បាតុកម្មស្រដៀងគ្នានេះត្រូវបានធ្វើឡើង ឬគ្រោងទុកនៅទូទាំងប្រទេសដាណឺម៉ាក រួមទាំងនៅទីក្រុង Copenhagen, Aarhus, Odense និង Aalborg និងនៅក្នុងទីក្រុង Greenland ដូចជា Aasiaat, Qaqortoq និង Ilulissat។ ដោយពណ៌នាអំពីប៉ុនប៉ងរបស់សហរដ្ឋអាមេរិកថា “មិនអាចទទួលយកបាន” អតីតសមាជិកសភា Greenland លោកស្រី Doris Jakobsen Jensen បានសង្កត់ធ្ងន់ថា “យើងមិនចង់ក្លាយជាជនជាតិអាមេរិកនោះទេ”។
សារនោះត្រូវបានបន្លឺឡើងពេញហ្វូងមនុស្ស ជាកន្លែងដែលក្តីបារម្ភមានចាប់ពីការគំរាមកំហែងដល់គំរូសុខុមាលភាពរបស់ Greenland រហូតដល់ការភ័យខ្លាចនៃការបាត់បង់អត្តសញ្ញាណជាតិ។
លោក Tom Amtoft អ្នកគ្រប់គ្រងគ្លីនិកអាយុ ៥៥ ឆ្នាំ និងជាអតីតទាហានកងទ័ពជើងទឹកដាណឺម៉ាក ដែលបានរស់នៅក្នុង Greenland អស់រយៈពេល ២០ ឆ្នាំ បានឲ្យដឹងថា “អ្នកមិនអាចទិញមនុស្សដោយលុយបានទេ”។ “ប្រសិនបើយើងក្លាយជាជនជាតិអាមេរិក រឿងដែលយើងចាត់ទុកជារឿងធម្មតានៅទីនេះ ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធសុខុមាលភាព នឹងលែងមានដូចមុនទៀតហើយនោះមិនមែនជាអ្វីដែលយើងចង់បាននោះទេ”។
លោក Amtoft ដែលធំធាត់ក្នុងអំឡុងសង្គ្រាមត្រជាក់ បានឲ្យដឹងថា ការនិយាយអំពីការចូលរួមយោធា ដែលអាចកើតមានបានធ្វើឱ្យលោកមានការភ័យខ្លាចចំពោះគ្រួសារ Greenland និងកូនតូចៗរបស់លោក ក្នុងនោះ លោកបានលើកឡើងថា “នៅពេលដែលលោក ត្រាំ ចាប់ផ្តើមនិយាយអំពីការមក Greenland ដោយយោធា ខ្ញុំមានអារម្មណ៍ភ័យខ្លាច”៕
ប្រែសម្រួល ឈូក បូរ៉ា
