ការបង្ហោះរូបភាពរបស់លោក ត្រាំ ដែលបង្ហាញពីការគ្រប់គ្រង របស់អាមេរិកលើកោះ Greenland គឺជាការមិនគោរព
អូស្លូ៖ លោក Jens-Frederik Nielsen នាយករដ្ឋមន្ត្រី នៃកោះ Greenland បានឲ្យដឹងថា ការបង្ហោះរូបភាព របស់លោកប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដែលបង្ហាញពីការគ្រប់គ្រង របស់សហរដ្ឋអាមេរិកលើកោះ Greenland គឺជាការមិនគោរព នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Nielsen បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Nuuk រដ្ឋធានីនៃកោះ Greenland ថា “ជាការពិតណាស់ យើងតាមដានអ្វី ដែលកំពុងកើតឡើងនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយវាមិនផ្ដល់ការ គោរពនោះទេ” ។ លោកបានបន្ថែមថា “យើងចង់បានការសន្ទនា តាមរយៈបណ្តាញត្រឹមត្រូវ ដើម្បីកុំឱ្យវាកើតឡើង នៅក្នុងសារព័ត៌មាន និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម”។
លោក ដូណាល់ ត្រាំ បានបង្ហោះរូបភាពរបស់លោកផ្ទាល់ ដែលកំពុងដាក់ទង់ជាតិ សហរដ្ឋអាមេរិកនៅលើទឹកដី Greenland កាលពីថ្ងៃអង្គារ នៅលើវេទិកាប្រព័ន្ធ ផ្សព្វផ្សាយសង្គមរបស់លោក Truth Social។ នៅក្នុងរូបភាពនោះ លោក ត្រាំ ត្រូវបានអមដោយអនុប្រធានាធិបតី សហរដ្ឋអាមេរិកលោក JD Vance និងរដ្ឋមន្ត្រីការបរទេស Marco Rubio ដោយមានផ្លាកសញ្ញានៅក្បែរនោះដែលសរសេរថា “GREENLAND – ទឹកដីសហរដ្ឋអាមេរិក EST. 2026″។
លោក Nielsen បានបញ្ជាក់ជាថ្មីថា Greenland ត្រូវតែត្រៀមខ្លួនសម្រាប់លទ្ធភាពទាំងអស់ ព្រោះលោក ត្រាំ មិនបានច្រានចោលការប្រើប្រាស់កម្លាំងនោះទេ លោកបានសង្កត់ធ្ងន់ម្តងទៀតថា កោះ Greenland គឺជាផ្នែកមួយនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ហើយប្រតិបត្តិការយោធាណា មួយនឹងមានផលវិបាកយ៉ាងធំធេង ហួសពីព្រំដែនរបស់កោះ Greenland ៕
ប្រែសម្រួល ឈូក បូរ៉ា
