ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោកនឹងមិនចូលរួម កិច្ចប្រជុំកំពូលបន្ទាន់ G7 នោះទេដោយចោទសួរ អំពីតម្លៃ របស់អង្គការណាតូ ចំពោះអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងមិនចូល រួមកិច្ចប្រជុំកំពូល បន្ទាន់របស់ក្រុមទាំងប្រាំពីរ ដែលស្នើឡើង ដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

មុនពេលដំណើរទស្សនកិច្ច របស់លោកទៅកាន់វេទិកា សេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មួយនៅសេតវិមាន ដែលប្រារព្ធខួបមួយឆ្នាំ នៃអាណត្តិទីពីររបស់លោក ដោយថា លោកមាន “កិច្ចប្រជុំជាច្រើន” ដែលបានគ្រោងទុកនៅទីក្រុង Davos រួចហើយ រួមទាំងការពិភាក្សាទាក់ទងនឹងកោះ Greenland។

លោក ត្រាំ បានឲ្យដឹង ក្នុងអំឡុងពេលមានភាពតានតឹង កាន់តែខ្លាំងឡើង ជាមួយមេដឹកនាំអឺរ៉ុប បន្ទាប់ពីលោកបាន គំរាមកំហែង ដាក់ពន្ធបន្ថែមលើប្រទេសអឺរ៉ុប មួយចំនួន លុះត្រាតែមានកិច្ចព្រមព្រៀង សម្រាប់សហរដ្ឋអាមេរិក ក្នុងការទិញយកកោះ Greenland។ នៅក្នុងនោះដែរ លោកក៏បាននិយាយអំពីប្រធានាធិបតីបារាំង ដែលអាណត្តិរបស់លោក នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៧ ថា “លោកជាមិត្តរបស់ខ្ញុំ ។ ខ្ញុំចូលចិត្តលោក ម៉ាក្រុង ប៉ុន្តែលោកនឹងមិន នៅទីនោះយូរទៀតទេ ដូចដែលអ្នកបានដឹង” ។

នៅក្នុងសន្និសីទ សារព័ត៌មាននេះ លោក ត្រាំ ក៏បានសួរផងដែរថា តើសម្ព័ន្ធមិត្តណាតូ នឹងជួយការពារ សហរដ្ឋអាមេរិក ដែរឬទេ ។ លោកបានលើកឡើងថា «ការភ័យខ្លាចដ៏ធំ ដែលខ្ញុំមានជាមួយអង្គការណាតូ គឺយើងបានចំណាយ ប្រាក់យ៉ាងច្រើនជាមួយអង្គការណាតូ ហើយខ្ញុំដឹងថា យើងនឹងមកជួយសង្គ្រោះពួកគេ ប៉ុន្តែខ្ញុំពិតជាឆ្ងល់ថា តើពួកគេនឹងមកជួយយើង ឬអត់»។ ជាកស្ដែងលោក ត្រាំ បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិក ត្រូវការកោះ Greenland សម្រាប់សន្តិសុខជាតិ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top