ប្រធានាធិបតីប្រេស៊ីល រិះគន់លោក ត្រាំ ចំពោះការព្យាយាមគ្រប់គ្រងពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម
សៅប៉ូឡូ៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានរិះគន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការព្យាយាម «គ្រប់គ្រងពិភពលោក» តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក Lula បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍សាធារណៈមួយនៅទីក្រុង Rio Grande ដែលជាក្រុងមួយក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីលថា «តើអ្នកបានកត់សម្គាល់ទេថា លោក ត្រាំ ចង់គ្រប់គ្រងពិភពលោកតាមរយៈបណ្ដាញ Twitter?»។
លោកបានបន្ថែមថា «លោកនិយាយអ្វីមួយខុសគ្នាជារៀងរាល់ថ្ងៃ។ វាមិនអាចទៅរួចទេ ហើយតើអ្នកគិតថាវាអាចទៅរួចទេក្នុងការប្រព្រឹត្តចំពោះមនុស្សដោយការគោរព ប្រសិនបើយើងមិនមើលមុខពួកគេ? និងគិតថាពួកគេជាវត្ថុជាជាងមនុស្ស?» នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងនៅក្នុងពិធីប្រគល់ផ្ទះចំនួន ១,២៧៦ ខ្នង ដែលជាផ្នែកមួយនៃកម្មវិធីលំនៅដ្ឋានដែលត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សប្រហែល ៥,០០០ នាក់នៅភាគខាងត្បូងប្រទេសប្រេស៊ីល លោក Lula បានសំដៅទៅលើលោក ត្រាំ ខណៈពេលដែលកត់សម្គាល់ពីតម្រូវការក្នុងការ «ស្តារមនុស្សធម៌ឡើងវិញនៅក្នុងទំនាក់ទំនងសង្គម»។
លោកក៏បានជំរុញឱ្យសាធារណជនបញ្ឈប់ការប្រើប្រាស់ទូរស័ព្ទដៃច្រើនពេក និងការពារគោលនយោបាយរបស់លោកដែលបានចាប់ផ្តើមនៅឆ្នាំ ២០២៤ ដើម្បីហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ ប្រធានាធិបតីប្រេស៊ីល មិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈនៅឡើយទេ ជុំវិញការអញ្ជើញរបស់លោក ត្រាំ ឱ្យចូលរួមជាមួយអ្វីដែលហៅថា “ក្រុមប្រឹក្សាសន្តិភាព” ដើម្បីត្រួតពិនិត្យការវិវឌ្ឍនៅក្នុងតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា
