ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង ៖ សហភាពអឺរ៉ុប មិនគួរស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់យន្តការ ប្រឆាំងការបង្ខិតបង្ខំ លើការគំរាមកំហែង ពន្ធរបស់អាមេរិកនោះទេ

ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងថា សហភាពអឺរ៉ុប «មិនគួរស្ទាក់ស្ទើរ» ក្នុងការដាក់ពង្រាយយន្តការប្រឆាំង ការបង្ខិតបង្ខំរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ពន្ធរបស់សហរដ្ឋអាមេរិក ដែលជាប់ទាក់ទងនឹងកោះ Greenlandនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់នៅ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ដោយអះអាងថា អឺរ៉ុបត្រូវតែ «មានភាពប្រាកដនិយមជាងមុន» ក្នុងការការពារផលប្រយោជន៍របស់ខ្លួន ខណៈដែលការប្រកួតប្រជែងសកលកាន់តែខ្លាំងឡើង និងអភិបាលកិច្ចផ្អែកលើច្បាប់ចុះខ្សោយ ។

ក្នុងការដោះស្រាយភាពតានតឹងពាណិជ្ជកម្ម ដែលកំពុងកើនឡើង លោក ម៉ាក្រុង បានរិះគន់សហរដ្ឋអាមេរិកចំពោះ «ការប្រមូលផ្តុំពន្ធថ្មីគ្មានទីបញ្ចប់» ដោយពណ៌នាអំពីវិធីសាស្រ្តនេះថា «មិនអាចទទួលយកបានជាមូលដ្ឋាន» ។ លោកថា «កាន់តែធ្ងន់ធ្ងរថែមទៀត នៅពេលដែលពន្ធគយត្រូវ បានប្រើជាកម្លាំងប្រឆាំង នឹងអធិបតេយ្យភាពទឹកដី» ។

លោក ម៉ាក្រុង បានជំរុញឱ្យមានការប្តេជ្ញាចិត្តឡើងវិញ ចំពោះពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ដោយថា ច្បាប់អន្តរជាតិកំពុងត្រូវបានជាន់ឈ្លី និងអភិបាលកិច្ចសមូហភាពចុះខ្សោយ ដែលបង្កើតពិភពលោកមួយដែល «ច្បាប់របស់អ្នកខ្លាំងបំផុត» កាន់តែមានជ័យជំនះ។

លោកបានបន្ដថា ប្រទេសបារាំងធ្វើជាប្រធាន G7 នៅឆ្នាំនេះ ដោយសន្យាថានឹងប្រើប្រាស់វា ដើម្បីលើកកម្ពស់ការសន្ទនាដោយស្មោះត្រង់ និងដំណោះស្រាយជាក់ស្តែង ខណៈដែលអំពាវនាវដល់ដៃគូឱ្យជៀសវាងសង្គ្រាមពាណិជ្ជកម្ម និងការកើនឡើងនៃការអភិរក្សនិយមដែល “នឹងបង្កើតតែអ្នកចាញ់” ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ១០ ភាគរយលើទំនិញទាំងអស់ពីប្រទេសដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ អង់គ្លេស ហូឡង់ និងហ្វាំងឡង់ ទាក់ទងនឹងបញ្ហាកោះ Greenland ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ។ ពន្ធទាំងនោះនឹងកើនឡើង ដល់ ២៥ ភាគរយ នៅថ្ងៃទី ១ ខែមិថុនា ហើយនឹងបន្តរហូតដល់កិច្ចព្រមព្រៀង មួយត្រូវបានសម្រេចសម្រាប់ សហរដ្ឋអាមេរិកក្នុងការទិញយកកោះ Greenland ៕

To Top