ចិន ប្រកាសគាំទ្រយ៉ាងមុតមាំ ចំពោះលទ្ធិពហុភាគីនិយម និងពាណិជ្ជកម្មសេរី
ប៉េកាំង៖ លោកឧបនាយករដ្ឋមន្ត្រីចិន ហេ លីហ្វេង បានអំពាវនាវដល់សហគមន៍ពិភពលោកឱ្យគាំទ្រយ៉ាងរឹងមាំ ចំពោះលទ្ធិពហុភាគីនិយម និងពាណិជ្ជកម្មសេរី ហើយបន្តប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ លោក លីហ្វេង ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០២៦ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ដោយរំលឹកឡើងវិញនូវសុន្ទរកថារបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានថ្លែងនៅឯ WEF ក្នុងខែមករា ឆ្នាំ២០១៧ លោកបានឲ្យដឹងថា ប្រទេសចិន បានដើរតាមការសន្ទនា និងគាំទ្រយ៉ាងរឹងមាំ ចំពោះលទ្ធិពហុភាគីនិយម និងពាណិជ្ជកម្មសេរី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ស៊ី បានស្នើឡើងជាបន្តបន្ទាប់នូវគំនិតផ្តួចផ្តើមសកលចំនួន៤ ដោយផ្តល់នូវដំណោះស្រាយរបស់ចិន ចំពោះបញ្ហារួមដែលពិភពលោកកំពុងប្រឈមមុខ។
ថ្លែងនៅក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រីចិនរូបនេះ បានគូសបញ្ជាក់ពីអនុសាសន៍សំខាន់ៗចំនួនបួន។ ទីមួយ លោកបានជំរុញឱ្យសហគមន៍ អន្តរជាតិគាំទ្រយ៉ាងរឹងមាំ ចំពោះពាណិជ្ជកម្មសេរី និងលើកកម្ពស់សកល ភាវូបនីយកម្មសេដ្ឋកិច្ចដែលមានប្រយោជន៍ ជាសកល និងរួមបញ្ចូល។ ទីពីរ លទ្ធិពហុភាគីនិយម គួរតែត្រូវបានគាំទ្រ យ៉ាងរឹងមាំ ហើយវាចាំបាច់ដើម្បីធ្វើឱ្យសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិកាន់តែយុត្តិធម៌ និងសមហេតុផល។ ទីបី ពិភពលោកក៏គួរតែប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្តេជ្ញាចិត្តក្នុងការបង្កើនផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ និងរួមគ្នាដោះស្រាយបញ្ហាអភិវឌ្ឍន៍។
លោកក៏បានគូសបញ្ជាក់ ពីការគោរពគ្នាទៅវិញទៅមក និង ការពិគ្រោះយោបល់ស្មើភាពគ្នា ហើយបានអំពាវនាវ ដល់ប្រទេសទាំងអស់ ឱ្យប្រើប្រាស់ការសន្ទនាឱ្យបានល្អប្រសើរ ដើម្បីគ្រប់គ្រងភាពខុសគ្នា និងដោះស្រាយបញ្ហា ឱ្យបានត្រឹមត្រូវ ។ នៅក្នុងវេទិកានេះ លោកបានជម្រាបជូនអ្នក ចូលរួមអំពីសម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការកណ្តាលបក្ស កុម្មុយនិស្តចិនលើកទី២០ ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ប្រទេសចិន នឹងនាំមកនូវឱកាសសំខាន់ៗ ដល់ពិភពលោក ។ លោកក៏បានធ្វើការផ្លាស់ប្តូរស៊ីជម្រៅ ជាមួយអ្នកចូលរួមមកពីវិស័យ ឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
