ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល ហ្គ្រីនលែន នឹងណែនាំប្រជាជនទាំង ៥៧.០០០នាក់ ស្តុកទុកអាហាររយៈពេល៥ថ្ងៃ ស្របពេលដែលអាមេរិក កាន់តែគំរាមផ្នែកយោធា

បរទេស៖ កោះហ្គ្រីនឡែនត្រូវត្រៀម ខ្លួនសម្រាប់ការវាយប្រហាររបស់សហរដ្ឋអាមេរិក , នេះបើតាមការឱ្យដឹងពីមេដឹកនាំ របស់កោះ ហ្គ្រីនលែន ដែលគ្រប់គ្រង ដោយខ្លួនឯងរបស់ប្រទេសដាណឺម៉ាក បាននិយាយជាការឆ្លើយតបទៅនឹង ការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើការចង់បានទឹកដីនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅរដ្ឋធានី Nuuk របស់កោះនេះកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រី Jens-Frederik Nielsen បាននិយាយថា កោះ ហ្គ្រីនលែន មានគម្រោងបង្កើតក្រុមការងារមួយដើម្បីជួយប្រជាជនត្រៀមខ្លួនសម្រាប់ការរំខានដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ លោកបាននិយាយថា វា “មិនទំនងជាមានជម្លោះយោធាទេ ប៉ុន្តែវាក៏មិនអាចច្រានចោលបាននោះដែរ “។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់កោះ ហ្គ្រីនលែន លោក Mute Bourup Egede បាននិយាយថា កោះនេះស្ថិតនៅក្រោម “សម្ពាធច្រើន” ហើយ “យើងត្រូវត្រៀមខ្លួនសម្រាប់សេណារីយ៉ូទាំងអស់”។ រដ្ឋាភិបាល ហ្គ្រីនលែន បច្ចុប្បន្នកំពុងធ្វើការលើគោលការណ៍ណែនាំថ្មីសម្រាប់ប្រជាជនចំនួន ៥៧.០០០ នាក់របស់ខ្លួន រួមទាំងអនុសាសន៍ឱ្យស្តុកទុកអាហាររយៈពេលប្រាំថ្ងៃ។

លោក ដូណាល់ ត្រាំ បានស្វែង រកជាយូរមកហើយដើម្បីទិញយកកោះ ហ្គ្រីនលែន ដោយលើកឡើងពីការព្រួយ បារម្ភអំពីសន្តិសុខជាតិ និងតម្រូវការដើម្បីទប់ទល់នឹងឥទ្ធិពលរបស់រុស្ស៊ី និងចិននៅក្នុងតំបន់។ លោកបានលើកឡើងពីគំនិត នៃការទិញកោះនេះពីប្រទេសដាណឺម៉ាក ហើយលោកថែមទាំង បានបដិសេធមិនច្រានចោលជា ដាច់ខាតនូវការប្រើប្រាស់កម្លាំងដោយនិយាយថា បញ្ហានេះអាចត្រូវដោះស្រាយ តាមវិធីលំបាក។

បន្ថែមលើសពីនេះ កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងដាក់ពន្ធថ្មីលើរដ្ឋអឺរ៉ុប ដែលប្រឆាំងនឹងផែនការ របស់លោក រួមទាំងប្រទេសដាណឺម៉ាក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ប្រសិនបើកិច្ចព្រមព្រៀងមួយមិនត្រូវបានសម្រេច៕

ប្រែសម្រួលៈ ណៃ តុលា

To Top