ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ ផ្នែកឯកជន ជាដៃគូដ៏សំខាន់រួមចំណែក ជាមួយផ្នែកសាធារណៈ ក្នុងវិស័យសុខាភិបាល

ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំការងារផ្នែកសុខាភិបាល ក្រុម «ឋ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាថ្ងៃ២១ មករា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ជាប្រធានក្រុមការងារផ្នែកសុខាភិបាល បានលើកឡើងថា ផ្នែកឯកជនគឺជាដៃគូដ៏សំខាន់ សម្រាប់ការចូលរួមចំណែក ជាមួយផ្នែកសាធារណៈ ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា សុខភាព ជាទ្រព្យសម្បត្តិមួយមិនអាចកាត់ថ្លៃបាន ដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញ ហើយដែលរាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់បំផុត។ ក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការបម្រើសេវាសុខាភិបាល ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស័ក្តសិទ្ធភាព និងសមធម៌ដើម្បីជំរុញ និងបង្កើនទំនុកចិត្តពីប្រជាជន ។

សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា ក្រសួងសុខាភិបាល កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពសាធារណៈជាអាទិភាព គឺគ្រប់គ្រងជំងឺឆ្លង និងជំងឺរ៉ាំរ៉ៃ រួមមាន ៖ ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម , បន្តពង្រឹងគុណភាព នៃការបណ្តុះបណ្តាល ដើម្បីធានាឱ្យបាននូវការផ្តល់ សេវាសុខាភិបាលប្រកបដោយគុណភាព និងសុវត្ថិភាព , បន្តពង្រឹងគុណភាពឱសថ ដោយបានធ្វើការត្រួតពិនិត្យ និងតាមដានឱសថ នៅលើទីផ្សារជាប់ជាប្រចាំ និងពង្រឹងការផ្តល់សេវាកម្មឱ្យបានឆាប់ទាន់ពេល ត្រឹមត្រូវ ប្រកបដោយភាពរលូន។

ក្នុងឱកាសនោះដែរ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង តំណាងវិស័យឯកជន បានសំដែងការកោតសរសើរដល់ក្រសួងសុខាភិបាល ដែលសម្រេចបាន ជាសមិទ្ធិផលយ៉ាងធំធេង ពិសេសរយៈពេលចុងក្រោយនេះ។ ឧកញ៉ាវេជ្ជបណ្ឌិត ពិនិត្យឃើញថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានកំពុងបំពេញការងារនិយ័តកម្មយ៉ាងសកម្ម និងដោយម៉ឺងម៉ាត់ ច្បាស់លាស់ ជំរុញការងារអនុវត្តស្របតាមបទដ្ឋាននានា និងបានធ្វើការផ្តល់សេវា ជូនវិស័យឯកជនបានកាន់តែល្អប្រសើរ៕

To Top