ប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង អំពាវនាវដល់ប្រទេសនៅអឺរ៉ុប កុំឱ្យទទួលយកសណ្តាប់ធ្នាប់សកលថ្មីរបស់អាមេរិក
បរទេស៖ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានអំពាវនាវដល់ប្រទេសនៅអឺរ៉ុបកុំឱ្យទទួលយកសណ្តាប់ធ្នាប់សកលថ្មីដែលគ្រប់គ្រងដោយអ្នកដែលកាន់ «ដំបងធំជាងគេ» ចំពេលមានភាពតានតឹងកើនឡើងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ជុំវិញការជំរុញរបស់លោកក្នុងការទិញយកកោះ Greenland។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Trump បានព្រមានថា លោកនឹងយកទឹកដីក្រៅប្រទេសរបស់ដាណឺម៉ាក តាម «វិធីងាយស្រួល» ឬ «វិធីលំបាក»។ កាលពីសប្តាហ៍មុន លោកបានប្រកាសពន្ធ ១០% លើប្រទេសចំនួន៨នៅអឺរ៉ុបរបស់អង្គការណាតូ រួមទាំងប្រទេសបារាំងផងដែរ ចំពោះការប្រឆាំងនឹងការប៉ុនប៉ងនេះ ហើយបានគំរាមកំហែងថានឹងដំឡើងពន្ធដល់ ២៥% ប្រសិនបើកោះ Greenland មិនត្រូវបានលក់ទៅឱ្យសហរដ្ឋអាមេរិកទេនោះ។
នៅក្នុងសុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos កាលពីថ្ងៃអង្គារ លោក ម៉ាក្រុង បានព្រមានប្រទេសនៅអឺរ៉ុបកុំឱ្យទទួលយក «ច្បាប់របស់អ្នកខ្លាំងបំផុត» និងចុះញមនឹង «ការកាន់កាប់»។
លោកបានថ្លែងទៅកាន់ទស្សនិកជនជាភាសាអង់គ្លេសថា «ចូរកុំទទួលយកសណ្តាប់ធ្នាប់សកលដែលនឹងត្រូវសម្រេចដោយអ្នកដែលអះអាងថាមានសំឡេងធំជាង ឬដំបងធំជាង»៕
ប្រែសម្រួលៈ ណៃ តុលា
