ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក នឹងបន្តដឹកជញ្ជូនប្រេង ទៅកាន់ប្រទេសគុយបា​ ជាជំនួយមនុស្សធម៌

ម៉ិកស៊ិក៖​ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល លោកស្រីក្នុងការគាំទ្រប្រទេសគុយបា​ ដោយបញ្ជាក់ថា ការដឹកជញ្ជូនប្រេងទៅកាន់កោះនេះ នឹងបន្តក្រោមគោលនយោបាយជំនួយមនុស្សធម៌ ដែលត្រូវបានរចនាឡើង​ ដើម្បីកែលម្អស្ថានភាព រស់នៅរបស់ប្រជាជនគុយបា ។

លោកស្រី Sheinbaum បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ពេលព្រឹករបស់លោកស្រីថា “ប្រសិនបើម៉ិកស៊ិក​ អាចជួយកែលម្អស្ថានភាព សម្រាប់ប្រទេសគុយបា យើងនឹងនៅទីនោះជានិច្ច។ វាជាទំនាក់ទំនងជាមួយប្រជាជនគុយបា​ ក្នុងស្ថានភាពលំបាកជាច្រើន”។

លោកស្រី Sheinbaum បានកត់សម្គាល់ថា ជំនួយសម្រាប់ប្រទេស គុយបា​ លើសពីមនោគមវិជ្ជា ហើយជាគោលនយោបាយស្តង់ដារ របស់រដ្ឋបាលជាបន្តបន្ទាប់​ នេះបេីយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកស្រីបានសង្កត់ធ្ងន់ថា “ម៉ិកស៊ិកបានរក្សាទំនាក់ទំនងជាមួយប្រទេសគុយបាក្រោមរដ្ឋាភិបាលនីមួយៗ ព្រោះវាសម្រាប់ប្រជាជនគុយបា។ នៅពេលដែលមានការបិទផ្លូវខ្លាំង ប្រជាជននឹងជួបប្រទះ នឹងការលំបាក”។
លោកស្រី​បាន​បញ្ជាក់​ជា​ថ្មី​ថា ជំនួយ​នេះ «គឺជា​បញ្ហា​ នៃ​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​ម៉ិកស៊ិក ហើយ​ឆ្លុះបញ្ចាំង​ពី​ចរិតលក្ខណៈ​របស់​ជនជាតិ​ម៉ិកស៊ិក ហើយ​គ្មាន​ហេតុផល​ណា​ ដែល​គួរ​បញ្ឈប់​វា​ឡើយ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top