លោក ដូណាល់ ត្រាំ លុបចោលផែនការពន្ធគយ នៅថ្ងៃទី១ ខែកុម្ភៈ ដោយលើកឡើង ពីក្របខ័ណ្ឌកិច្ចព្រមព្រៀង Greenland
DAVOS៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា កិច្ចពិភាក្សាជាមួយអគ្គលេខាធិការ អង្គការណាតូ លោក Mark Rutte បានបង្កើត “ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង នាពេលអនាគត” ទាក់ទងនឹងកោះ Greenland និង តំបន់អាកទិកដ៏ធំទូលាយ ហើយបានប្រកាសថា លោកនឹងមិនបន្ត ជាមួយនឹងពន្ធលើប្រទេសអឺរ៉ុប ចំនួន៨ ដែលត្រូវបានគ្រោង នឹងចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈនោះទេ។
នៅក្នុងការបង្ហោះមួយនៅលើវេទិកា Truth Social របស់លោក លោក ត្រាំ បានឧ្យដឹងថា ក្របខ័ណ្ឌនេះបានកើតចេញពី “កិច្ចប្រជុំដ៏មានផលិតភាពខ្ពស់” ជាមួយលោក Rutte ហើយនឹងក្លាយជា “កិច្ចប្រជុំដ៏អស្ចារ្យមួយសម្រាប់សហរដ្ឋអាមេរិក និងប្រទេសណាតូទាំងអស់” ប្រសិនបើត្រូវបានបញ្ចប់។
លោក ត្រាំ បានសរសេរថា “ដោយផ្អែកលើការយល់ដឹងនេះ ខ្ញុំនឹងមិនដាក់ពន្ធដែលត្រូវបានគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ នោះទេ” ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងដែលបានស្នើឡើងនោះទេ។
លោក ត្រាំ ក៏បានឧ្យដឹងផងដែរថា ការពិភាក្សាបន្ថែមទៀតកំពុងដំណើរការលើ “The Golden Dome” ដែលជាប្រព័ន្ធការពារមីស៊ីលពហុស្រទាប់ ដែលបានស្នើឡើង សម្រាប់សហរដ្ឋអាមេរិក ដែលទាក់ទងនឹងកោះ Greenland ដោយបន្ថែមថា ព័ត៌មានបន្ថែមនឹងត្រូវបានចេញផ្សាយ នៅពេលដែលការចរចាដំណើរការទៅមុខ។
លោកបានបន្ដថា អនុប្រធានាធិបតីសហរដ្ឋអាមេរិកលក JD Vance រដ្ឋមន្ត្រីការបរទេស លោកMarco Rubio និងបេសកជនពិសេសលោក Steve Witkoff នឹងដឹកនាំការចរចា និងរាយការណ៍ដោយផ្ទាល់ទៅលោក៕
