ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​ បដិសេធសំណើក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់​ ត្រាំ

ប៊ែរឡាំង៖ យោងតាមរបាយការណ៍របស់ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel បានឧ្យដឹងថា អាល្លឺម៉ង់នឹងមិនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព​ ដែលបានស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ ក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួននោះទេ។

ក្រសួងការបរទេសសហព័ន្ធបានឧ្យដឹងនៅក្នុងឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាលថា ខណៈពេលដែលទីក្រុងប៊ែរឡាំង​ នៅតែបើកចំហសម្រាប់ការសន្ទនាលើគំនិតផ្តួចផ្តើមសន្តិភាព ការចូលរួមជាមួយអ្វីដែលហៅថាក្រុមប្រឹក្សាសន្តិភាព​ ដែលស្នើឡើងដោយលោក ត្រាំ ក្នុងទម្រង់បច្ចុប្បន្នគឺមិនអាចទៅរួចទេ នេះបើយោងតាមរបាយការណ៍របស់ Der Spiegel។

ឯកសារនេះបានបញ្ជាក់ថា អាល្លឺម៉ង់​ ប្តេជ្ញាពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិជាមួយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិជាស្នូលរបស់ខ្លួន ខណៈដែលសំណើពីសហរដ្ឋអាមេរិកត្រូវបានចាត់ទុកថាជា “សេចក្តីព្រាងប្រឆាំង” ចំពោះអង្គការសហប្រជាជាតិ។

សំណើនេះត្រូវបានគេរាយការណ៍ថាផ្តល់ឱ្យលោក ត្រាំ​ ក្នុងនាមជា “ប្រធាន” នូវអំណាចសម្រេចចិត្តយ៉ាងទូលំទូលាយ។ ដោយឆ្លុះបញ្ចាំងពីជំហរនេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz មិនត្រូវបានគេរំពឹងថា​ នឹងចូលរួមពិធីចុះហត្ថលេខាដែលបានគ្រោងទុកសម្រាប់ថ្ងៃព្រហស្បតិ៍នៅទីក្រុង Davos ទេ។

ក្រុមប្រឹក្សាសន្តិភាពដើមឡើយត្រូវបានស្នើឡើងជាផ្នែកមួយនៃផែនការសន្តិភាពចំនួន ២០ ចំណុចដែលព្រាងដោយសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងគាំទ្រដល់ការកសាងឡើងវិញនូវតំបន់ហ្គាហ្សា៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top