រដ្ឋាភិបាលកោះ Greenland ណែនាំពលរដ្ឋឧ្យស្តុកទុកសម្ភារៈសង្គ្រោះបន្ទាន់រយៈពេល ៥ថ្ងៃក្នុងករណីចាំបាច់
អូស្លូ៖ រដ្ឋាភិបាលកោះ Greenland បានចេញសៀវភៅណែ នាំអំពីការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ ដែលណែនាំដល់គ្រួសារឱ្យស្តុក ទុកសម្ភារៈមូលដ្ឋានយ៉ាងហោចណាស់ ៥ថ្ងៃ រួមទាំងទឹកស្អាត អាហារ និងផលិតផលអនាម័យ ដើម្បីត្រៀម ខ្លួនសម្រាប់វិបត្តិ ដែលអាចកើតមាន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លោក Peter Borg រដ្ឋមន្ត្រីក្រសួង រុក្ខាប្រម៉ាញ់ នេសាទ កសិកម្ម និងភាពគ្រប់គ្រាន់ដោយខ្លួនឯងរបស់កោះ Greenland បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា សៀវភៅណែនាំនេះណែនាំឱ្យមនុស្សម្នាក់ៗ ស្តុកទុកទឹកបីលីត្រក្នុងមួយថ្ងៃ ការផ្គត់ផ្គង់អាហាររយៈពេល ៥ថ្ងៃ និងរបស់របរសំខាន់ៗដូចជាក្រដាសបង្គន់ជាដើម។
សៀវភៅណែនាំនេះក៏រាយបញ្ជី “អាវុធបរបាញ់ គ្រាប់រំសេវ និងឧបករណ៍នេសាទ” ក្នុងចំណោមរបស់របរ ដែលបានណែនាំ។ លោក Borg បានលេីកឡេីងថា ការណែនាំនេះមិនមានបំណង “បង្កើតភាពអសន្តិសុខ” នោះទេ ប៉ុន្តែផ្ទុយទៅវិញ “ពង្រឹងសន្តិសុខរបស់ប្រជាជន”។
ចលនានេះកើតឡើងចំពេលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយ កាន់តែខ្លាំងឡើងជុំវិញកោះ Greenland។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តការជំរុញ របស់លោក សម្រាប់ការទិញយកទឹកដីនេះ ហើយបានគំរាមដាក់ពន្ធលើទំនិញ ពីប្រទេសអឺរ៉ុប ចំនួនប្រាំបី ដែលប្រឆាំងនឹងមហិច្ឆតារបស់លោកក្នុងការគ្រប់គ្រងវា៕
ប្រែសម្រួល ឈូក បូរ៉ា
