ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសលោក Witkoff ធ្វើដំណើរមកដល់ទីក្រុងមូស្គូដើម្បីជួបពិភាក្សាជាមួយនឹងលោក Putin

បរទេស៖យោងតាមការចេញផ្សាយរបស់ RT បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff បានមកដល់ទីក្រុងមូស្គូ ហើយត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីការដោះស្រាយជម្លោះអ៊ុយក្រែន។

លោក Witkoff ត្រូវបានអមដំណើរដោយកូនប្រសាររបស់ Trump គឺលោក Jared Kushner ។

លោកWitkoff ដំបូងឡើយបានប្រកាសពីជំនួបជាមួយលោក Putin នៅថ្ងៃពុធនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសដោយបញ្ជាក់ថា វាត្រូវបានស្នើដោយភាគីរុស្ស៊ីបន្ទាប់ពីមាន វឌ្ឍនភាពដ៏អស្ចារ្យ នៅក្នុងការចរចាសន្តិភាពអ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទោះបីជាជម្លោះទឹកដីនៅតែជាចំណុចជាប់គាំងក៏ដោយ។

លោក Witkoff បានប្រាប់អ្នកយកព័ត៌មានថា៖ ជនជាតិរុស្ស៊ីបានអញ្ជើញយើងឱ្យមកទីនេះ។ ហើយនោះជាសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយពីពួកគេ។ លោក Witkoff បានប្រាប់អ្នកយកព័ត៌មានដោយបន្ថែមថា ៖ខ្ញុំគិតថាមនុស្សគ្រប់គ្នាពិតជាកំពុងបន្តតាមដានក្នុងដំណើរការនេះ ហើយចង់ឃើញកិច្ចព្រមព្រៀងសន្តិភាពកើតឡើង។

គួរឲ្យដឹងដែរថាបេសកជនពិសេស របស់សហរដ្ឋអាមេរិករូបនេះបានជួបជាមួយលោកPutinយ៉ាងហោចណាស់៦ដងរួចមកហើយដោយផ្ទាល់នៅឆ្នាំ២០២៥ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកិច្ចចរចាសន្តិភាព ដោយកិច្ចពិភាក្សារយៈពេលប្រាំម៉ោងចុងក្រោយបំផុតបានធ្វើឡើងតាំងពីថ្ងៃទី២ខែធ្នូមកម្ល៉េះ។

ប្រែសម្រួល៖ ស៊ុន លី

To Top