ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បណ្តេញអ្នកការទូតរុស្ស៊ីម្នាក់ ចេញពីប្រទេស ដោយចោទប្រកាន់ពីបទចារកម្ម

បរទេស៖ ទីក្រុងប៊ែរឡាំង បានបណ្តេញអ្នកការទូតរុស្ស៊ីម្នាក់ចេញពីប្រទេស ដោយចោទប្រកាន់ពីបទចារកម្ម ដែលជំរុញឱ្យទីក្រុងមូស្គូសន្យាថា នឹងឆ្លើយតបឲ្យ “សមស្រប” ចំពោះចលនាអរិភាពនេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាម២០២៦ បានឱ្យដឹងថា ក្រសួងការបរទេសអាល្លឺម៉ង់បានប្រកាសពីការបណ្តេញនេះនៅថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថាខ្លួនបានកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ីជុំវិញឧប្បត្តិហេតុនេះ។ ខណៈពេលដែលក្រសួងមិនបានពន្យល់លម្អិត ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា អនុរដ្ឋមន្ត្រីយោធារុស្ស៊ីម្នាក់គឺជាអ្នកការទូតដែលពាក់ព័ន្ធ ហើយគាត់ត្រូវបានបញ្ជាឱ្យ ចាកចេញពីប្រទេសក្នុងរយៈពេល ៧២ ម៉ោង។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនទទួលយកចារកម្មនៅក្នុងប្រទេសអាល្លឺម៉ង់ទេ – ជាពិសេសមិនមែនក្រោមឋានៈការទូតនោះទេ។ យើងបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំក្រសួងការបរទេសសហព័ន្ធនៅថ្ងៃនេះ ហើយបានជូនដំណឹងដល់គាត់ថា បុគ្គលដែលធ្វើចារកម្មក្នុងនាមរុស្ស៊ីនឹងត្រូវបណ្តេញចេញ”។

ចំណែកទីក្រុងមូស្គូវិញ បានសន្យាថា នឹងសងសឹកចំពោះការបណ្តេញចេញដោយមិនផ្តល់ព័ត៌មានលម្អិត អំពីចលនាដែលអាចកើតមាននោះទេ។ ជាធម្មតា រុស្ស៊ីជ្រើសរើសការឆ្លើយតបបែបកញ្ចក់ ហើយបណ្តេញបុគ្គលិកការទូតចំនួនដូចគ្នានឹងប្រទេសបរទេសដែលបានចាត់វិធានការអរិភាពតាំងពីដំបូង៕

ប្រែសម្រួលៈ ណៃ តុលា

To Top