ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប បង្ហាញការសង្ស័យអំពីក្រុមប្រឹក្សាសន្តិភាព ដែលស្នើឡើងដោយអាមេរិក

ប្រ៊ុចសែល៖ សហភាពអឺរ៉ុប មានការសង្ស័យយ៉ាងធ្ងន់ធ្ងរអំពីក្រុមប្រឹក្សាសន្តិភាព aដែលស្នើឡើងដោយសហរដ្ឋអាមេរិក ហើយនឹងការពារខ្លួនប្រឆាំងនឹងទម្រង់ នៃការបង្ខិតបង្ខំណាមួយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានលើកឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលបន្ទាន់ របស់ក្រុមប្រឹក្សាបានបញ្ចប់ភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍។

លោក Costa បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហភាពអឺរ៉ុបមានការសង្ស័យយ៉ាងធ្ងន់ធ្ងរអំពីធាតុផ្សំជាច្រើននៃក្រុមប្រឹក្សាសន្តិភាព រួមទាំងវិសាលភាព អភិបាលកិច្ច និងភាពឆបគ្នាជាមួយធម្មនុញ្ញអង្គការសហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកក៏បានឲ្យដឹងផងដែរថា ប្លុកនេះនឹង «ការពារខ្លួន» ប្រឆាំងនឹងទម្រង់នៃការបង្ខិតបង្ខំណាមួយ និងបន្តការពារផលប្រយោជន៍របស់ខ្លួន រួមទាំងផលប្រយោជន៍របស់រដ្ឋជាសមាជិក ពលរដ្ឋ និងអាជីវកម្មរបស់ខ្លួន ប្រឆាំងនឹងការប៉ុនប៉ងដាក់សម្ពាធណាមួយ។ លោកបានបន្ថែមថា សហភាពអឺរ៉ុបមានឧបករណ៍ និងសមត្ថភាពចាំបាច់ ដែលខ្លួននឹងប្រើប្រាស់នៅពេលចាំបាច់។

មេដឹកនាំសហភាពអឺរ៉ុប បានរៀបចំកិច្ចប្រជុំកំពូលបន្ទាន់មួយ នៅទីក្រុងព្រុចសែលនៅល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការគំរាមកំហែង និងការកត់សម្គាល់ចុងក្រោយបំផុត របស់សហរដ្ឋអាមេរិកទាក់ទងនឹងកោះ Greenland និងដើម្បីវាយតម្លៃជំហានបន្ទាប់ ដែលអាចធ្វើទៅបាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top