ព័ត៌មានអន្តរជាតិ

រុស្ស៊ី មានបំណងក្លាយ ជាប្រទេសមួយ ក្នុងចំណោមប្រទេស ឈានមុខគេ លើពិភពលោក លើវិស័យថាមពល

មូស្គូ៖ រុស្ស៊ី កំពុងពង្រឹងជំហររបស់ខ្លួន បន្តិចម្តងៗ នៅក្នុងវិស័យថាមពលសកល ហើយមានគោលបំណង ក្លាយជាប្រទេសឈានមុខគេ លើវិស័យថាមពលពិភពលោក នៅក្នុងពិភពលោកពហុប៉ូលថ្មី នេះបើយោងតាមឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak ដែលបានសរសេរនៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទិនានុប្បវត្តិគោលនយោបាយថាមពលរបស់រុស្ស៊ី។

លោក Novak បានសរសេរនៅក្នុងអត្ថបទ ដែលមានចំណងជើងថា “វិស័យប្រេង និងថាមពលសកល និងរុស្ស៊ីនៅក្នុងយុគសម័យពហុប៉ូល៖ ជើងមេឃ និងលទ្ធផល សម្រាប់ឆ្នាំ ២០២៥” ។ លោកបានលើកឡើងថា រុស្ស៊ីបានផលិតឧស្ម័នធម្មជាតិរាវប្រហែល ៣២ លានតោនក្នុងឆ្នាំ ២០២៥ ដោយកាន់កាប់ចំណែក ៧ ភាគរយ នៃទីផ្សារសកល ដែលធ្វើឱ្យវាក្លាយជាប្រទេសផលិតធំជាងគេទីបួនរបស់ពិភពលោក។

យោងតាមការលើកឡើងរបស់លោក ឧស្សាហកម្មធ្យូងថ្មរបស់រុស្ស៊ី ក៏កំពុងបង្ហាញពីដំណើរការ ស្ថិរភាពផងដែរ។ នៅឆ្នាំ ២០២៥ រដ្ឋាភិបាលរុស្ស៊ី បានដាក់ឱ្យដំណើរការកម្មវិធីគាំទ្រ សម្រាប់សហគ្រាសឧស្សាហកម្មធ្យូងថ្ម ដែលរួមមានការពន្យារពេលបង់ពន្ធ និងធានារ៉ាប់រងសង្គម គម្រោងគាំទ្រគោលដៅសម្រាប់ក្រុមហ៊ុនធ្យូងថ្ម ក៏ដូចជាសំណងសម្រាប់ផ្នែកមួយ នៃការចំណាយលើការដឹកជញ្ជូននាំចេញធ្យូងថ្ម។

លោកបានសរសេរថា “វិធានការដែលបានអនុម័ត បានអនុញ្ញាតឱ្យយើងរក្សាបរិមាណផលិតកម្ម និងផ្គត់ផ្គង់ធ្យូងថ្មនៅកម្រិតឆ្នាំ ២០២៤។ ការប៉ាន់ស្មានបឋមបង្ហាញថា ទិន្នផលធ្យូងថ្មរបស់រុស្ស៊ី បានឈានដល់ ៤៤០ លានតោននៅឆ្នាំ ២០២៥”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top