ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីកាណាដា បដិសេធការអះអាង របស់លោក ត្រាំ អំពីការពឹងផ្អែករបស់ខ្លួនលើអាមេរិក

អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាកាណាដា ពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់អត្ថិភាពរបស់ខ្លួន។

ថ្លែងនៅទីក្រុង Quebec លោក Carney បានសង្កត់ធ្ងន់លើអធិបតេយ្យភាពរបស់ទីក្រុងអូតាវ៉ា និងបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក ត្រាំ បន្ទាប់ពីត្រឡប់មកពីប្រទេសស្វីសវិញ ដោយមិនបានជួបជាមួយប្រធានាធិបតីអាមេរិកនោះទេ។

កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានថ្លែងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ថា “កាណាដា រស់នៅដោយសារតែសហរដ្ឋអាមេរិក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Carney បានបញ្ជាក់ថា “កាណាដា និងសហរដ្ឋអាមេរិក បានបង្កើតភាពជាដៃគូដ៏គួរឱ្យកត់សម្គាល់មួយ។ ក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែប ប៉ុន្តែកាណាដា មិនបានរស់នៅដោយសារតែសហរដ្ឋអាមេរិកនោះទេ។ កាណាដារីកចម្រើនដោយសារតែយើង ជាជនជាតិកាណាដា”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top