ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណអាមេរិក កាត់បន្ថយការប្តេជ្ញាចិត្តក្នុងការការពារអឺរ៉ុប

បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងផ្តល់អាទិភាពដល់ការការពារជាតិរបស់ខ្លួន ហើយផ្តល់ការគាំទ្រ “មានកំណត់” ដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប, នេះបើយោងតាមការលើកឡើងរបស់មន្ទីរបញ្ចកោណ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងយុទ្ធសាស្ត្រការពារជាតិដែលបានកែសម្រួលដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា សមាជិកណាតូអឺរ៉ុបត្រូវតែដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារខ្លួន និងផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។

ឯកសារនេះសរសេរថា “ទោះបីជាយើងនៅតែចូលរួមក្នុងអឺរ៉ុបក៏ដោយ យើងត្រូវតែ – ហើយនឹង – ផ្តល់អាទិភាពដល់ការការពារមាតុភូមិសហរដ្ឋអាមេរិក និងរារាំងប្រទេសចិន”។

“ដូច្នេះ ក្រសួងនឹងលើកទឹកចិត្ត និងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តណាតូទទួលខុសត្រូវជាចម្បងចំពោះការការពារអឺរ៉ុបជាមួយនឹងការគាំទ្រដ៏សំខាន់ ប៉ុន្តែមានកំណត់របស់សហរដ្ឋអាមេរិក”។

ឯកសារនេះសរសេរថា “នេះរួមបញ្ចូលទាំងការដឹកនាំក្នុងការគាំទ្រការការពារជាតិអ៊ុយក្រែន។ ដូចដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សង្គ្រាមនៅអ៊ុយក្រែនត្រូវតែបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ ដូចដែលលោកបានសង្កត់ធ្ងន់ផងដែរ នេះគឺជាការទទួលខុសត្រូវរបស់អឺរ៉ុបជាមុនសិន”។

យុទ្ធសាស្ត្រដែលបានកែសម្រួលបានកត់សម្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ត្រាំ ក្នុងការជំរុញសមាជិកណាតូឱ្យបង្កើនការចំណាយលើការការពារជាតិ និងពឹងផ្អែកតិចលើទីក្រុងវ៉ាស៊ីនតោន។ ប្រធានប្លុកនេះ គឺ លោក Mark Rutte ថ្មីៗនេះបានសរសើរលោក ត្រាំ ថា បានធ្វើឱ្យណាតូកាន់តែមានភាពធន់៕

ប្រែសម្រួលៈ ណៃ តុលា

To Top