ព័ត៌មានអន្តរជាតិ

លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ព្រមនិងបំពេញទស្សនកិច្ចនៅប្រទេសស្វ៊ីស

កាលពីថ្ងៃទី ២០ ខែមករា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសប្រទេសស្វ៊ីស ។

លោក He Lifeng បានថ្លែងថា លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាដាវ៉ូស កាលពីខែមករា ឆ្នាំ ២០១៧ ។ ប្រទេសចិនបានអនុវត្តយ៉ាងផ្ចិតផ្ចង់ និងគាំទ្រយ៉ាងមុតមាំចំពោះពហុភាគីនិយម និងពាណិជ្ជកម្មសេរី។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ លោក Xi Jinping បានលើកឡើងគំនិតផ្តួតផ្តើមសកលទាំង ៤ ជាបន្តបន្ទាប់ ដើម្បីផ្តល់នូវ “ផែនការចិន” សម្រាប់ចូលរួមដោះស្រាយបញ្ហាប្រឈមរួមសកល ។ លោក He Lifeng បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់ចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍សំខាន់ៗដល់ពិភពលោក។

លោកបានលើកឡើងថា យើងគួររួមគ្នាគាំទ្រយ៉ាងមុតមាំចំពោះពាណិជ្ជកម្មសេរី គាំពារយ៉ាងម៉ឺងម៉ាត់ចំពោះពហុភាគីនិយម និងប្រកាន់ខ្ជាប់នូវការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាដាវ៉ូស លោក He Lifeng ក៏បានជួបពិភាក្សាជាមួយលោក Guy Parmelin ប្រធានសហព័ន្ធស្វ៊ីស និងលោក Ignazio Cassis អនុប្រធានសហព័ន្ធស្វ៊ីស ។

លោក He Lifeng ក៏បានផ្លាស់ប្តូរមតិយោបល់ដោយឡែកពីគ្នាជាមួយលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក និងលោក Rachel Reeves រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស អំពីបញ្ហាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក និងចិន-អង់គ្លេស តាមការណាត់ផងដែរ៕

To Top