ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធ ១០០% លើទំនិញដែលនាំចូល ពីប្រទេសកាណាដា ប្រសិនបើកាណាដា បន្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ​​ជាមួយប្រទេសចិន

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានគំរាមដាក់ពន្ធ ១០០% លើទំនិញដែលនាំចូលពីប្រទេសកាណាដា ប្រសិនបើប្រទេសជិតខាងភាគខាងជើងរបស់អាមេរិកមួយនេះ បន្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយប្រទេសចិន ដែលធ្វើឲ្យជម្លោះជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី កាន់តែខ្លាំងឡើង ដែលជាសំឡេងមួយដែលកំពុងកើនឡើង នៅក្នុងការជំទាស់របស់លោកខាងលិច ចំពោះសណ្តាប់ធ្នាប់ពិភពលោកថ្មី របស់លោក ត្រាំ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅក្នុងសារ មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រសិនបើលោក ខានី «គិតថាលោកនឹងធ្វើឲ្យ ប្រទេសកាណាដាក្លាយជា «ច្រកទម្លាក់ទំនិញ» សម្រាប់ប្រទេសចិនដើម្បីបញ្ជូនទំនិញ និងផលិតផលចូលទៅក្នុង សហរដ្ឋអាមេរិក គឺ លោកយល់ច្រឡំយ៉ាងខ្លាំងហើយ»។

វាមិនច្បាស់ទេថាពេលណាលោក ត្រាំ អាចដាក់ពន្ធគយដែលត្រូវបានគំរាមកំហែងនោះទេ។ លោកបាននិយាយនៅក្នុងសារនោះថា វានឹង កើតឡើង «ភ្លាមៗ» ប្រសិនបើប្រទេសកាណាដាបានធ្វើកិច្ច ព្រមព្រៀងជាមួយប្រទេសចិន ដែលលោក ខានី បានធ្វើកាល ពីមួយសប្តាហ៍មុន ដោយទទួលបានការសរសើរដំបូង ពីប្រធានាធិបតី។

ចំណែកសេតវិមានអាមេរិក គឺមិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមណាមួយនៅឡើយទេ។

ខណៈពេលដែលលោក ត្រាំ បានធ្វើសង្គ្រាមពាណិជ្ជកម្ម ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប្រទេសកាណាដា បានបន្តកិច្ចព្រមព្រៀងផ្ទាល់ខ្លួន ដើម្បីបន្ថយពន្ធលើយានយន្តអគ្គិសនីរបស់ចិន ជាថ្នូរនឹងការបន្ថយពន្ធនាំចូល លើផលិតផលកសិកម្មរបស់ប្រទេសកាណាដាចូលទៅចិន។ នៅពេលនោះ លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀង​នេះគឺជាអ្វីដែលលោក ខានី «គួរតែធ្វើ ហើយវាជារឿងល្អសម្រាប់គាត់​ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម»។

លោក Dominic LeBlanc រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម​ជាមួយសហរដ្ឋអាមេរិក បាននិយាយថា កាណាដា និងចិនបានដោះស្រាយ «បញ្ហាពាណិជ្ជកម្មសំខាន់ៗជាច្រើន» ​ប៉ុន្តែមិនមានការស្វែង​រកកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីណាមួយឡើយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top