ប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា បញ្ជាក់ថា ភាពខុសគ្នាជាមួយអាមេរិក នឹងត្រូវបានដោះស្រាយតាមរយៈការទូត
ការ៉ាកាស៖ ប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានឲ្យដឹងថា ភាពខុសគ្នាជាមួយ សហរដ្ឋអាមេរិក នឹងត្រូវបាន ដោះស្រាយតាមរយៈបណ្តាញការទូត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ ជាមួយកម្មករប្រេងនៅរោងចក្រចម្រាញ់ប្រេង Puerto La Cruz នៅភាគឦសាន នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Rodriguez បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកស្រីនឹង ដោះស្រាយជម្លោះយូរអង្វែងជាមួយទីក្រុងវ៉ាស៊ីនតោន “ទល់មុខគ្នា” តាមរយៈអ្វីដែលលោកស្រីពិពណ៌នាថា ជាការទូតបូលីវ៉ា។
លោកស្រី Rodriguez បានលើកឡើងថា “យើងមិនខ្លាចទេ ពីព្រោះអ្វីដែលត្រូវតែបង្រួបបង្រួមយើងជាប្រជាជន គឺធានាសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសនេះ”។ លោកស្រីបានបន្ដថា ប្រទេសវេណេស៊ុយអេឡា មិនដែលស្រមៃថា រដ្ឋធានីអាមេរិកខាងត្បូងមួយនឹងត្រូវទទួលរងការវាយប្រហារយោធាដោយមហាអំណាចបរទេសទេ ដោយសំដៅទៅលើព្រឹត្តិការណ៍នៅថ្ងៃទី ៣ ខែមករា នៅពេលដែលកងកម្លាំងអាមេរិកបានវាយប្រហារទីក្រុងការ៉ាកាស និងដណ្តើមយកប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោកដោយកម្លាំង។
លោកស្រីបានអំពាវនាវឱ្យមាន ឯកភាពជាតិ និងជំរុញ ឱ្យប្រជាជនវេណេស៊ុយអេឡា ដោះស្រាយភាពខុសគ្នាផ្ទៃក្នុង តាមរយៈការសន្ទនានយោបាយក្នុងស្រុក ដោយគ្មានការជ្រៀតជ្រែកពីបរទេស។ លោកស្រីបានបន្ថែមថា គ្រប់គ្រាន់ហើយ ចំពោះសណ្ដាប់ធ្នាប់ពីទីក្រុងវ៉ាស៊ីនតោន ទៅកាន់អ្នកនយោបាយ នៅវេណេស៊ុយអេឡា ដែលថា វេណេស៊ុយអេឡា ត្រូវតែដោះស្រាយភាពខុសគ្នា និងជម្លោះរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
