ព័ត៌មានអន្តរជាតិ

ប្រធានអង្គការសប្បុរសធម៌ម្នាក់នៅអាមេរិក ត្រូវបានចាប់ខ្លួនពីបទលួចប្រាក់ចំនួន ២៣ លានដុល្លារពីមូលនិធិសម្រាប់ជនអនាថា

Los Angeles៖ អាជ្ញាធរបានឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទចោទប្រកាន់ពីបទក្លែងបន្លំប្រាក់សហព័ន្ធពីបទលួចប្រាក់សាធារណៈជាង ២៣ លានដុល្លារអាមេរិក ដែលមានគោលបំណងដោះស្រាយបញ្ហាជនអនាថានៅទីក្រុង Los Angeles និងប្រើប្រាស់ប្រាក់រាប់លានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់របៀបរស់នៅផ្ទាល់ខ្លួនដ៏ប្រណីត។

លោក Alexander Soofer អាយុ ៤២ ឆ្នាំ នាយកប្រតិបត្តិនៃអង្គការសប្បុរសធម៌ Abundant Blessings ត្រូវបានចោទប្រកាន់ពីបទបង្វែរប្រាក់របស់អ្នកជាប់ពន្ធសម្រាប់ការធ្វើដំណើរប្រណីត ការទិញទំនិញរបស់អ្នករចនាម៉ូដ ការសិក្សានៅសាលាឯកជន និងការទិញអចលនទ្រព្យ រួមទាំងអចលនទ្រព្យវិស្សមកាលនៅប្រទេសក្រិក។

លោកត្រូវបាននាំខ្លួនទៅឃុំខ្លួននៅថ្ងៃសុក្រ ហើយបានចូលខ្លួនជាលើកដំបូងនៅតុលាការស្រុកសហរដ្ឋអាមេរិកក្នុងទីក្រុង Santa Ana។ ប្រសិនបើត្រូវបានកាត់ទោស រូបលោកនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋអាជ្ញាសហព័ន្ធបានឲ្យដឹងថា អង្គការសប្បុរសធម៌ Abundant Blessings បានទទួលថវិកាជាង ២៣ លានដុល្លារពីមូលនិធិសម្រាប់ជនអនាថារវាងឆ្នាំ ២០១៨ និង ២០២៥។ ថវិកាជាង ៥ លានដុល្លារបានមកដោយផ្ទាល់ពីអាជ្ញាធរសេវាកម្មជនអនាថានៃទីក្រុង Los Angeles ខណៈដែលថវិកាជាង ១៧ លានដុល្លារបានហូរចូលតាមរយៈអង្គការមិនស្វែងរកប្រាក់ចំណេញមួយផ្សេងទៀតគឺ Special Service for Groups Inc.

អង្គការសប្បុរសធម៌ Abundant Blessings ត្រូវបានចុះកិច្ចសន្យាដើម្បីផ្តល់លំនៅដ្ឋាន និងសេវាកម្មគាំទ្រដល់មនុស្សជាង ៦០០ នាក់ដែលកំពុងជួបប្រទះនឹងភាពអនាថានៅទូទាំងទីតាំងជាច្រើននៅភាគខាងត្បូងនៃទីក្រុង Los Angeles។ អ្នកស៊ើបអង្កេតបានឲ្យដឹងថា លក្ខខណ្ឌនៅកន្លែងមួយចំនួនដែលដំណើរការដោយ Soofer គឺមិនគ្រប់គ្រាន់សម្រាប់កាតព្វកិច្ចតាមកិច្ចសន្យានោះទេ។

អ្នកស៊ើបអង្កេតបានចោទប្រកាន់ថា Soofer បានបង្ហាញព័ត៌មានខុសជាប្រព័ន្ធអំពីរបៀប ដែលមូលនិធិសាធារណៈត្រូវបានចំណាយ និងបង្វែរវាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោកបានក្លែងបន្លំរបាយការណ៍ធនាគារ វិក្កយបត្រ និងឯកសារហិរញ្ញវត្ថុផ្សេងទៀត ដើម្បីលាក់បាំងការផ្ទេរប្រាក់សាធារណៈទៅក្នុងគណនីផ្ទាល់ខ្លួនរបស់លោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top