ព្យុះរដូវរងាដ៏ធំ បានគំរាមកំហែងដល់ប្រជាជនជិត១៨០លាននាក់ នៅអាមេរិក និងលុបចោលជើងហោះហើររហូតដល់ ១១.៤០០ជើង
បរទេស៖ ព្យុះរដូវរងាដ៏ធំមួយបានបង្កផលដ៏អាក្រក់ដល់ធ្វើដំណើរនៅថ្ងៃអាទិត្យ ជាមួយនឹងការលុបចោល និងការពន្យារពេលយ៉ាងទូលំទូលាយនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយចំនួនរបស់សហរដ្ឋអាមេរិក រហូតដល់ ១១.៤០០ជើងហោះហើរ។
យោងតាមសារព័ត៌មាន The Free Press ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា សេវាអាកាសធាតុជាតិបាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា ព្រិលធ្លាក់ខ្លាំង លាយភ្លៀងបានគំរាមកំហែងដល់មនុស្សជិត ១៨០ លាននាក់ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនអាមេរិក នៅលើផ្លូវមួយដែលលាតសន្ធឹងពីភាគខាងត្បូងនៃភ្នំ Rocky ដល់ New England។ បន្ទាប់ពីបោកបក់ឆ្លងកាត់ភាគខាងត្បូង ព្យុះនេះបានផ្លាស់ទីទៅភាគឦសាននៅថ្ងៃអាទិត្យ ហើយត្រូវបានគេរំពឹងថានឹងទម្លាក់ព្រិលប្រហែលកម្រាស់ ១ ទៅ ២ ហ្វីត ស្មើនឹង ៣០ ទៅ ៦០ សង់ទីម៉ែត្រ ពីទីក្រុងវ៉ាស៊ីនតោន ឆ្លងកាត់ទីក្រុងញូវយ៉ក និងទីក្រុងបូស្តុន។
យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បានឱ្យដឹងថា ជើងហោះហើរជាង ១១.៤០០ជើង ត្រូវបានលុបចោលនៅថ្ងៃអាទិត្យ។ ក្រុមហ៊ុនវិភាគអាកាសចរណ៍ Cirium បាននិយាយថា គិតត្រឹមព្រឹកថ្ងៃអាទិត្យ ព្យុះនេះបានបង្កើតឱ្យមានព្រឹត្តិការណ៍លុបចោលដែលជួបប្រទះខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាត៕
ប្រែសម្រួលៈ ណៃ តុលា
