ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញឱ្យអាមេរិក​ ឈប់ដកហូតសិទ្ធិចិញ្ចឹមជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា

ប៉េកាំង៖​ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឧ្យដឹងថា សហរដ្ឋអាមេរិក​ គួរតែឈប់ដកហូតសិទ្ធិចិញ្ចឹមជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា។

អ្នកនាំពាក្យលោក Guo Jiakun បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយថា រដ្ឋាភិបាលគុយបាបានថ្កោលទោសភាគីសហរដ្ឋអាមេរិក ដែលត្រូវបានគេរាយការណ៍ថា​ កំពុងពិចារណាបង្កើនការបិទផ្លូវខុសច្បាប់របស់ខ្លួនប្រឆាំងនឹងប្រទេសគុយបា។

លោកបានលេីកឡេីងថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង និងប្រឆាំងនឹងសកម្មភាពរបស់ភាគីសហរដ្ឋអាមេរិក ហើយជំរុញឱ្យខ្លួនឈប់រំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ឈប់រំលោភច្បាប់អន្តរជាតិ និងលុបចោលការបិទផ្លូវ និងទណ្ឌកម្មរបស់ខ្លួនលើប្រទេសគុយបាជាបន្ទាន់។

លោកបានបន្ដថា «ប្រទេសចិននឹងបន្តធ្វើអ្វីដែលខ្លួនអាចធ្វើបាន ដើម្បីផ្តល់ជំនួយ និងការគាំទ្រដល់ប្រទេសគុយបា។ យើងមានទំនុកចិត្តថា ក្រោមការដឹកនាំដ៏រឹងមាំរបស់បក្សកុម្មុយនិស្តគុយបា និងរដ្ឋាភិបាលគុយបា ប្រជាជនគុយបាប្រាកដជានឹងជំនះការលំបាកបច្ចុប្បន្ន»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top