សហភាពអឺរ៉ុប ព្រមានអំពីការពឹងផ្អែកកាន់តែខ្លាំងឡើងលើឧស្ម័នធម្មជាតិរាវ LNG របស់អាមេរិក
ម៉ាឌ្រីដ៖ មន្ត្រីសហភាពអឺរ៉ុប បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជុំវិញការពឹងផ្អែកកាន់តែខ្លាំងឡើងរបស់ប្លុកលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីសហរដ្ឋអាមេរិក ដែលជានិន្នាការមួយដែលកាន់តែខ្លាំងឡើងបន្ទាប់ពីការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី។
លោកស្រី Teresa Ribera អនុប្រធានប្រតិបត្តិនៃគណៈកម្មការអឺរ៉ុប សម្រាប់ការផ្លាស់ប្តូរដ៏ស្អាតស្អំ យុត្តិធម៌ និងប្រកួតប្រជែង កាលពីថ្ងៃពុធបានព្រមានថា សហភាពអឺរ៉ុប កំពុង “បង្កើនយ៉ាងខ្លាំង” ការពឹងផ្អែករបស់ខ្លួនលើឧស្ម័នធម្មជាតិរាវ ដែលនាំចូលពីសហរដ្ឋអាមេរិក។
លោកស្រី Ribera បានឧ្យដឹងនៅក្នុងសារវីដេអូមួយដែលបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលផ្តោតលើអ៊ីដ្រូសែន ដែលបានធ្វើឡើងនៅប្រទេសអេស្ប៉ាញថា “យើងកំពុងបង្កើនការពឹងផ្អែករបស់យើងយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិរាវដែលនាំចូលពីសហរដ្ឋអាមេរិក”។
ខណៈពេលដែលទទួលស្គាល់ថា ការនាំចូលឧស្ម័នធម្មជាតិរាវរបស់សហរដ្ឋអាមេរិក កាន់តែខ្ពស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប៉ះពាល់របស់អឺរ៉ុប ចំពោះឧស្ម័នរបស់រុស្ស៊ី លោកស្រី Ribera បានសង្កត់ធ្ងន់ថា ប្លុកនេះគួរតែជៀសវាងការជំនួសការពឹងផ្អែកមួយជាមួយនឹងប្រទេសមួយផ្សេងទៀត។
លោកស្រីបានអំពាវនាវឱ្យមានការពិពិធកម្មកាន់តែច្រើននៃការផ្គត់ផ្គង់ថាមពល និងការប្រើប្រាស់ធនធានក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ជាពិសេសថាមពលកកើតឡើងវិញ និងអ៊ីដ្រូសែនកកើតឡើងវិញ។
ថ្មីៗនេះ សហភាពអឺរ៉ុប បានសម្រេចចិត្តបញ្ឈប់ការនាំចូលឧស្ម័ន និងឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីជាបណ្តើរៗ នៅចុងឆ្នាំ២០២៧។ ក្រោមបរិបទនេះ មន្ត្រីសហភាពអឺរ៉ុប បានបញ្ជាក់ជាថ្មីអំពីតម្រូវការក្នុងការពន្លឿនការដាក់ឱ្យប្រើប្រាស់ថាមពលកកើតឡើងវិញ និងជំរុញផលិតកម្មក្នុងស្រុក ដើម្បីកាត់បន្ថយភាពងាយរងគ្រោះផ្នែកថាមពលរបស់ប្លុក៕
ប្រែសម្រួល ឈូក បូរ៉ា
