ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត​ ព្រមានអំពីការកើនឡើងនៃភាពតានតឹង ចំពេលមានការបង្កើនកម្លាំងយោធារបស់អាមេរិក

តេអេរ៉ង់៖​ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud បានព្រមានអំពីគ្រោះថ្នាក់នៃភាពតានតឹងកើនឡើងនៅអាស៊ីខាងលិច នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។

ក្រសួងបានបន្ថែមថា អ្នកការទូតទាំងពីររូបបានពិនិត្យឡើងវិញនូវការហៅទូរស័ព្ទ “ដ៏មានផ្លែផ្កា” កាលពីថ្ងៃអង្គារ រវាងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និងព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman Al Saud ដោយសង្កត់ធ្ងន់លើការទទួលខុសត្រូវរួមគ្នារបស់រដ្ឋក្នុងតំបន់ក្នុងការរក្សាស្ថិរភាព និងសន្តិសុខ។

នៅថ្ងៃពុធផងដែរ លោក Araghchi បានជជែកជាមួយសមភាគីទួរគីរបស់លោក គឺលោក Hakan Fidan ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ដំណោះស្រាយការទូត និងការពិគ្រោះយោបល់នយោបាយជាបន្តបន្ទាប់ក្នុងចំណោមតួអង្គសំខាន់ៗក្នុងតំបន់។

ការផ្លាស់ប្តូរទាំងនេះកើតឡើង ខណៈដែលសហរដ្ឋអាមេរិក​ កំពុងពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃចន្ទ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក​ បានប្រកាសពីការដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ USS Abraham Lincoln ទៅកាន់តំបប់មជ្ឈិមបូព៌ា។

កាលពីថ្ងៃពុធ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យទីក្រុងតេអេរ៉ង់វិលត្រឡប់ទៅរកការចរចានុយក្លេអ៊ែរវិញ ដោយព្រមានថា «កងនាវាចម្បាំងដ៏ធំមួយ» កំពុងធ្វើដំណើរឆ្ពោះទៅកាន់ដែនទឹកអ៊ីរ៉ង់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top