លោក ត្រាំ បញ្ជាឱ្យបើកដែនអាកាសវេណេស៊ុយអេឡាឡើងវិញ សម្រាប់ជើងហោះហើរពាណិជ្ជកម្ម
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានដឹកនាំរដ្ឋបាលរបស់លោកឱ្យបើកដែនអាកាសវេណេស៊ុយអេឡាឡើងវិញ សម្រាប់ជើងហោះហើរពាណិជ្ជកម្ម ដែលជាចលនាមួយដែលលោកបានឧ្យដឹងថា នឹងអនុញ្ញាតឱ្យពលរដ្ឋអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡានាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកបានជូនដំណឹងដល់ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez អំពីការសម្រេចចិត្តនេះ ជិតបួនសប្តាហ៍បន្ទាប់ពីការវាយឆ្មក់របស់យោធាអាមេរិកលើប្រទេសវេណេស៊ុយអេឡា។

លោក ដូណាល់ ត្រាំ បានលេីកឡេីងថា “ពលរដ្ឋអាមេរិកនឹងអាចទៅប្រទេសវេណេស៊ុយអេឡាក្នុងពេលឆាប់ៗនេះ ហើយពួកគេនឹងមានសុវត្ថិភាពនៅទីនោះ”។
លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់សមាជិកសភាកាលពីថ្ងៃពុធថា រដ្ឋបាលលោក ត្រាំ មានគម្រោងបើកស្ថានទូតអាមេរិកឡើងវិញយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអាមេរិកខាងត្បូងដែលសម្បូរប្រេងមួយនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
