ព័ត៌មានអន្តរជាតិ

ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ បង្កើនក្តីបារម្ភក្នុងតំបន់ ខណៈដែលទីក្រុងតេអេរ៉ង់ បង្ហាញពីឆន្ទៈ​ សម្រាប់ការចរចា

តេអេរ៉ង់៖​ ភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​ បានធ្វើឱ្យមេដឹកនាំក្នុងតំបន់មានការព្រួយបារម្ភ និងបង្កឱ្យមានការអំពាវនាវជាបន្ទាន់សម្រាប់ការទូតឡើងវិញ។ ទីក្រុងតេអេរ៉ង់​ នៅថ្ងៃសុក្របានបង្ហាញពីឆន្ទៈ​ ដែលមានលក្ខខណ្ឌក្នុងការវិលត្រឡប់ទៅកាន់តុចរចាវិញ ដើម្បីបន្ធូរបន្ថយការប្រឈមមុខដាក់គ្នាដែលកំពុងកើនឡើង។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឧ្យដឹងថា ប្រទេសតួកគីត្រៀមខ្លួនជាស្រេច​ ដើម្បីសម្របសម្រួលការសន្ទនារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។ នៅក្នុងការហៅទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian លោក Erdogan បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងអង់ការ៉ាចំពោះការទូតប្រកបដោយស្ថាបនា និងបានស្នើឱ្យដើរតួជាអ្នកសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីបន្ថយវិបត្តិ។

លោក Pezeshkian បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះ “ការទូតដែលមានមូលដ្ឋានលើសេចក្តីថ្លៃថ្នូរ” ដោយផ្អែកលើច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមក និងការសន្ទនា ហើយបានបដិសេធការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។ នៅក្នុងសុន្ទរកថាទៅកាន់លោក Erdogan លោកបានសង្កត់ធ្ងន់ថា ការទូតដែលទទួលបានជោគជ័យអាស្រ័យលើការបោះបង់ចោលសកម្មភាពអរិភាព និងការលើកកម្ពស់សុច្ឆន្ទៈ។

នៅក្នុងការហៅទូរស័ព្ទដាច់ដោយឡែកមួយជាមួយប្រធានាធិបតីអេមីរ៉ាត​ លោក Sheikh Mohamed bin Zayed Al Nahyan លោក Pezeshkian បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ស្វែងរកការចូលរួម មិនមែនជម្លោះនោះទេ។

លោកបានលេីកឡេីងថា “អ៊ីរ៉ង់ផ្តល់អាទិភាពដល់ការការពារសន្តិសុខ និងការបង្កើតសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់” ខណៈពេលដែលរិះគន់មហាអំណាចលោកខាងលិច​ ចំពោះអ្វីដែលទីក្រុងតេអេរ៉ង់​ មើលឃើញថាជាកង្វះការប្តេជ្ញាចិត្តផ្នែកការទូតពិតប្រាកដ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top